ឃាត់ខ្លួនមេក្លោងញុះញង់ដេីរចាប់ដីស្របច្បាប់របស់អ្នកដទៃនៅខេត្តកំពត
កំពត ៖ ប្រភពពីសមត្ថកិច្ចខេត្តកំពតបានអោយដឹងថា មេក្លោងញុះញង់ដេីរចាប់ដីស្របច្បាប់របស់អ្នកដទៃចំនួន ៣ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពតឃាត់ខ្លួនបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តកំពត បន្ទាប់ពីពួកគេមានការពាក់ព័ន្ធប្រេីប្រាស់ឯកសារក្លែងក្លាយយកឈ្មោះថ្នាក់ដឹកនាំកំពូលទៅញុះញង់ពលរដ្ឋអោយដេីរចាប់ដីស្របច្បាប់របស់អ្នកដទៃនៅចំណុចភូមិ ព្រៃពាយ ឃុំ ត្រពាំងភ្លាំង ស្រុក ឈូក ខេត្ត កំពត ។
មេក្លោងញុះញង់ដេីរចាប់ដីស្របច្បាប់របស់អ្នកដទៃទាំង៣នាក់នោះមានឈ្មោះ ស៊ូ វណ្ណារី ភេទ ប្រុស មុខរបរ យោធា ឈ្មោះ មុត សុគីម ភេទស្រី និង ឈ្មោះ ហ៊ន ដារ៉ា ភេទ ប្រុស ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពី បញ្ជាការដ្ឋានការពារ កោះឆ្នេរ នៃ បញ្ជាការដ្ឋានកងទ័ពជេីងទឹក សមត្ថកិច្ចបានដំណើរការស្រាវជ្រាវស៊េីបអង្កេតដោយសុំគោលការពីតំណាងអយ្យការអមសាលាដំបូងខេត្ត រហូតឈានទៅដល់ការឃាត់ខ្លួន និងដកហូតបានឯកសារក្លែងក្លាយមួយចំនួន បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពតចាត់ការបន្តតាមច្បាប់ ។