វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូស ដែលរាជរដ្ឋាភិបាលបញ្ជាទិញ បានដឹកមកដល់កម្ពុជាហើយ ខណៈវ៉ាក់សាំងដែលកម្ពុជាមានក្នុងដៃសរុប២៧លានដូស
ដូចតាមការគ្រោងទុក វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដែលរហូតមកដល់ពេលនេះ ធ្វើឱ្យរាជរដ្ឋាភិបាលមានវ៉ាក់សាំងក្នុងដៃសរុប ២៧លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងការទប់ ស្កាត់ជំងឺកូវីដ១៩។
នេះបើតាមការលើកឡើងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានផ្តល់បទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូស នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកជំទាវ យក់ សម្បត្ដិ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ២៧លានដូសហើយនៅក្នុងដៃ ហើយក្នុងខែកញ្ញាខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញចំនួន ៥លានដូសបន្ថែមទៀត ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ សម្រាប់ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាព លរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។ លោកជំទាវបន្តថា វ៉ា់ក់សាំងចំនួន២លានដូសនេះគឺជាការបញ្ជាក់ទិញរបស់រាជដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនស៊ីណូវ៉ាក់ ហើយវ៉ាក់សាំងនេះត្រូវចាក់ជូនប្រជាពលរដ្ឋជាដូសជំរុញតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរលោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ចំពោះការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជាគឺមានភាពលឿនជាងបណ្តាប្រទេសផ្សេងៗ។ ទន្ទឹមនេះ រាជ រដ្ឋាភិបាលបានកំណត់ឱ្យរដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យមើលទីតាំងណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានចំនួន១០០ភាគរយ ហើយគ្មានករណីឆ្លងត្រូវអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ។
លោកជំទាវបានអះអាងថា ចំពោះវ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះនឹងត្រូវចាក់ជូនក្រុមមន្ត្រីជួរមុខ ដែលធ្វើការជាមួយអ្នកឆ្លងជំងឺកូវីដ១៩ ដូចជាក្រុមមន្ត្រីសុខាភិបាល អាជ្ញាធរ សមត្ថកិច្ច ជាពិសេសនៅតំបន់ព្រំដែន ទីក្រុង និង កន្លែងទីប្រជុំជនជាដើម។ បើតាមលោកជំទាវ យក់ សម្បត្ដិ ជាគោលការណ៍រាជរដ្ឋាភិបាលនឹងបន្តចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាជនទាំងអស់ដែលក្នុងនោះ មានចំនួន១០លាននាក់ជាគោលការណ៍សិន។
ក្នុងករណីដែលមានភាពស៊ាំក្នុងការចាក់វ៉ាក់សាំងហើយ រាជរដ្ឋាភិបាលនឹងធ្វើការចាក់ដូសជំរុញដល់ប្រជាជន យ៉ាងតិចជាង១២លាននាក់។ លោកជំទាវរដ្ឋលេខាធិការបានបន្ដទៀតថា ចំពោះការចាក់វ៉ាក់សាំងដូសជំរុញនោះ គឺយើងបាននិងកំពុងចាក់ជូនជាបន្តបន្ទាប់ ហើយវ៉ាក់សាំងក៏បានបញ្ជូនទៅអស់ ពីក្នុងឃ្លាំងរួចហើយតាមគោលការណ៍របស់រាជរដ្ឋាភិបាលពិសេសនោះ បញ្ជូនដល់ក្រុមមន្ត្រីជួរមុខតែម្តង។
លោកជំទាវ យក់ សម្បត្ដិ បានបន្ថែមថា រហូតមកដល់ពេលនេះក្រុមការងារជំនាញរបស់ក្រសូងសុខាភិបាលបានកំពុងសិក្សាជាមួយអង្គការដៃគូនានាដូចជាអង្គការសុខភាពពិភពលោក លើក្រុមវ៉ាក់សាំងមួយចំនួនទៀតដើម្បីពិនិត្យពីការចាក់វ៉ាក់សាំងជូនកុមារក្រោមអាយុ ១២ ឆ្នាំ ឬចាក់ដូសជំរុញដល់កុមារដែលបានចាក់វ៉ាក់សាំងរួចទាំងដូសទី១និងទី២ផងដែរ៕
ប្រភព៖ ក្រសួងព័ត៍មាន