រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ត

នៅរសៀលថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានជួបជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២ ជាពិសេសការ ផលិតថាមពល ការគ្រប់គ្រងធនធានទឹក និងការកំណត់ជំហររបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

Banner Sidebar 1 – ទឹកលាងដៃ

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា នៅក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាកត្តាសំខាន់ដែលធ្វើឱ្យកម្ពុជា មានឱកាសគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមបញ្ជាក់ថា បេសកកម្មសំខាន់របស់ក្រសួងបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំផែនការជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែង ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ក្នុងនោះក៏មានការគិតគូរអំពីប្រភពថាមពលនាពេលអនាគតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមថា ប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលធិសម្រាប់គម្រោងបង្កើតថាមពលអគ្គិសនីមកពីធ្យូងថ្ម បច្ចុប្បន្នពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពនៃប្រភពថាមពលផងដែរ។ ទាក់ទងនឹងជំហររបស់កម្ពុជាសម្រាប់ COP26 ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា យើងកំពុងរៀបចំជំហរកម្ពុជាដើម្បីសុំគោលការណ៍សម្រេចពីសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងសង្ឃឹមថានឹងបញ្ចប់នៅមុន COP26។

នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានលើកឡើងបន្ថែមអំពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសតាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លើ ការបង្កាត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ពូជត្រី ប្រព័ន្ធធារាសាស្រ្ត គ្រោះទឹកជំនន់ និងយន្តការបន្ថយការបំពុលប្លាស្ទីកនៅក្នុងសមុទ្រ ។

បន្ថែមលើសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការរៀបចំឯកសារ គោលនយោបាយ និងសេចក្តីប្រកាសពាក់ព័ន្ធ សម្រាប់ត្រៀមសន្និសីទ លើកទី២៦ នៃភាគីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង