សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាបានយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាជននិងការអភិវឌ្ឍន៍
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព ខណៈដែលកម្ពុជាបានឆ្លងកាត់អស់រយៈពេលជាងពីរទសវត្សរ៍ នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយដោយនយោបាយឈ្នះ-ឈ្នះៗរបស់សម្តេចតេជោបាននាំមកនូវសុខសន្តិភាព ពេញលេញ និងការឯកភាពជាតិទាំងស្រុង ។
យោងតាមសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោបានមានប្រសាសន៍ថា អង្គការសហប្រជាជាតិបានអនុម័តយកថ្ងៃទី២១ ខែកញ្ញាជារៀងរាល់ឆ្នាំ សម្រាប់ពិភពលោកប្រារព្ធទិវាសន្តិភាពអន្តរជាតិ ដើម្បី ឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សម្រាប់ប្រជាជន និងបណ្តាប្រទេសទាំងអស់នៅទូទាំងសកលលោក ។
សម្រាប់ឆ្នាំ២០២១នេះ នៅក្នុងបរិបទដែលពិភពលោកកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត កូវីដ-១៩ ទិវាសន្តិភាពអន្តរជាតិត្រូវបានរៀបចំ ក្រោមមូលបទ “ការស្តារពិភពលោកឱ្យមានភាពប្រសើរឡើងវិញប្រកបដោយសមធម៌ និងនិរន្តរភាព” ដោយផ្តល់គុណតម្លៃជាចម្បងដល់ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការខិតខំប្រឹងប្រែងរួមគ្នាស្គារពិភពលោកឱ្យរួចផុតពីគ្រោះមហន្តរាយបង្កឡើងដោយជំងឺរាតត្បាតនេះ។
សម្តេចតេជោ បន្តថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយសូមចូលរួមជាមួយសហគមន៍អន្តរជាតិ អបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិដ៏មហោឡារិកនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាកលអំពីគុណតម្លៃដ៏វិសេសវិសាល នៃសន្តិភាព និងបង្ហាញពីឆន្ទៈដ៏ខ្ជាប់ខ្លួនរបស់កម្ពុជានៅក្នុងការបន្តកសាង និងថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស ឋិតស្ថេរយូរអង្វែង។
សម្តេចតេជោបញ្ជាក់ថា បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នុងតំណាក់កាលឆ្លងកាត់ អស់រយៈជាងពីរ ទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព ដែលជា មូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
អស់រយៈពេលជិត២៣ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ ការបញ្ចប់សង្គ្រាមនៅលើ ទឹកដីមាតុភូមិកម្ពុជា ដោយ “នយោបាយឈ្នះ-ឈ្នះៗ របស់សម្តេច បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុង ពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចតេជោ បន្តថា រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះ បានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ សមស្របតាមពាក្យស្លោក មានសន្តិភាព មានការអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត សម្បូរ សប្បាយមកដល់សព្វថ្ងៃនេះ ៕
ប្រភព៖ ក្រសួងព័ត៍មាន