សម្ដេចតេជោ ហ៊ុន សែន៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាខាតបង់ថវិកា ប្រមាណ ២ ៣០០ លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាខាតបង់ថវិកាស្មើនឹងការសាងសង់ស្ពានចំនួន២០ ដែលវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២ ៣០០ លានដុល្លារអាម៉េរិក។

Banner Sidebar 1 – ទឹកលាងដៃ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា«ស្ពានភ្ជាប់និស្ស័យ» និងបើកការដ្ឋានគម្រោងសាងសង់ផ្លូវលេខ៧១C ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសោកស្ដាយណាស់នៅត្រង់ថា អាកូវីដ-១៩នេះ វាបានស៊ីស្ពានរបស់ខ្ញុំប្រហែលជា ២០ស្ពាន អាហ្នឹងគិតតម្លៃខ្ពស់ផង»។ សម្ដេចតេជោថ្លែងបន្តថា «ប៉ុន្តែ អត់នឹកស្មានថា អាកូវីដវាទទួលទានអស់ ២ ៣០០ លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ។ អីចឹងធ្វើឱ្យយើងត្រូវបន្តស្នើសុំមិត្តចិនជួយបន្តទៀត ហើយមិត្តចិននឹងបន្តជួយទៅតាមគម្រោងដែលយើងបានដាក់»។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នៅមុនផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្ដេចគ្រោងសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ និងស្ទឹងនានានៅទូទាំងប្រទេស បន្ទាប់ពីកម្ពុជាទទួលបានប្រាក់សន្សំច្រើន។

ជាមួយគ្នានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ជំហរជាថ្មីថា ទោះបីក្នុងតម្លៃណាក៏ដោយ ក៏សម្តេចមិនឱន ក្បាលចំពោះការគាបសង្កត់ណាមួយរបស់បរទេសឡើយ ដោយសម្ដេចបានលើកឡើងថា កម្ពុជាទើបទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីមានសង្គ្រាមផ្ទៃក្នុងសម្លាប់ខ្មែរនិងខ្មែរអស់រយៈពេលជាង៣ទសវត្សរ៍។ សម្តេចតេជោបានលើកឡើងទៀតថា ដោយសារតែមានរដ្ឋប្រហារឆ្នាំ ១៩៧០ ក៏មិនមានរបរខ្មែរក្រហមនោះដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការរិះគន់ទៅកាន់ប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលមិនបានបង្ហាញការសោកស្តាយរបស់ខ្លួនទាល់តែសោះចំពោះការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលនាំឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមស៊ីវិល និងបានគាំទ្រឱ្យខ្មែរក្រហមអង្គុយកៅអីនៅអង្គការសហប្រជាជាតិអស់រយៈពេលជិត១២ឆ្នាំ។ សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា «ពួកគេជាប្រទេសប្រជាធិបតេយ្យ តែបែរជាទៅគាំទ្រការធ្វើរដ្ឋប្រហារទៅវិញ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជាថ្មីថា ឱ្យតែប្រជាពលរដ្ឋបន្តបោះឆ្នោតឱ្យ សម្ដេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ទៀត គឺដើម្បីការពារសន្តិភាពនិងទប់ស្កាត់ពួកជ្រុលនិយមផងដែរ។ សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា ការដែលសម្តេចត្រូវលុបបំបាត់ពួកជ្រុលនិយមនៃមនុស្សខ្លះនេះគឺធ្វើដើម្បីប្រទេសនិងប្រជាជនកម្ពុជានាពេលអនាគត ហើយអ្វីដែលពិសេសទៀតនោះគឺដើម្បីយុវជន ក៏ដូចជាអ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង