ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប កោតសរសើរការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា
លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរ និងថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវសមិទ្ធផលជាច្រើន និងចាត់ទុកថាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺជា “ឆ្អឹងខ្នង” ដើម្បីគាំទ្រការកែទម្រង់វិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ ចីរភាព និងបរិយាប័ន្ន។
ការកោតសរសើរនេះធ្វើឡើង ក្នុងឱកាស លោកជំទាវ ឯកអគ្គរដ្ឋទូត ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សម្រាប់ជំហានបន្ទាប់ សហភាពអឺរ៉ុបនឹងបន្តការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយលោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបបន្ថែមថា ក្របខ័ណ្ឌលទ្ធផលនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នឹងផ្តោតលើសមាសធាតុគន្លឹះនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន៖ ការពង្រឹងការកៀរគរចំណូលក្នុងស្រុក ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ ការគ្រប់គ្រងវិនិយោគសាធារណៈផ្សារភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ និងការពង្រឹងប្រសិទ្ធភាពលទ្ធកម្ម សាធារណៈ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សហភាពអឺរ៉ុប ដែលបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពិសេស គាំទ្រទាំងជាជំនួយហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានគូសបញ្ជាក់ថា ការដ្ឋានកែទម្រង់អាទិភាពដែលបានស្នើឡើងដោយប្រតិភូសហភាពអឺរ៉ុប ស្របតាមអាទិភាពនៃកម្ម-វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ និងយុទ្ធសាស្រ្តស្នូលនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។
ជាមួយគ្នានេះ ដើម្បីឱ្យការរៀបចំក្របខ័ណ្ឌលទ្ធផលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះ បានឆាប់រហ័ស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងពីរភាគី ខាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបចាប់ផ្តើមធ្វើការរួមគ្នាឱ្យបានឆាប់។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបបានជួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន និងបានគាំទ្រកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗជាយថាហេតុ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងកំពុងជំរុញដាក់ឱ្យអនុវត្ត នាពេលឆាប់ៗខាងមុខនេះនូវ“ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដែលឈរលើសសរស្តម្ភបី (ហៅថា 3Rs) គឺ៖ សសរស្តម្ភទី ១ “ការស្តារ (Recovery)”, សម្រាប់ស្តារឡើងវិញនូវវិស័យដែលទទួលរងនូវឥទ្ធិពលអវិជ្ជមានខ្លាំងរបស់ជំងឺកូវីដ ១៩; សសរស្តម្ភទី ២ “ការកែទម្រង់ (Reforms)”, កែទម្រង់គ្រប់ផ្នែក គ្រប់វិស័យសម្រាប់ទាក់ទាញការវិនិយោគ និងសសរស្តម្ភទី៣ “ការកសាងភាពធន់ (Resiliency)” ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ជាដើម៕
ប្រភព៖ ក្រសួងព័ត៍មាន