សម្តេចតេជោ ប្រកាសថា ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ និងការកសាង គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត
នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ។
ឆ្លៀតនាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនជនរួមជាតិថា ខេត្តព្រះសីហនុគោលដៅ នឹងក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តព្រះសីហនុ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប៉ុណ្ណោះទេ ខេត្តព្រះសីហនុមាន ប្រព័ន្ធអាងចម្រោះទឹកកង្វក់ ដែលអាចធានាថា ទឹកកង្វក់ដែលចម្រោះក្នុងអាងនេះរួច ក្លាយជាទឹកស្អាតហូរចូលសមុទ្រ នឹងអាចឲ្យបងប្អូនដែលងូតទឹកសមុទ្របានប្រកបដោយបរិស្ថានល្អ។
សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ៕