រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជំនួយជាវ៉ាក់សាំង៥០ម៉ឺនដូសរួមជាមួយថវិកានិងរថយន្តដឹកវ៉ាក់សាំង៣គ្រឿងជូនរដ្ឋាភិបាលឡាវ
ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿងរួមនិងថវិកា១៣លានផ្សេងទៀត ត្រូវបាន រាជរដ្ឋាភិបាល និងសប្បុរសជនកម្ពុជា ផ្ដល់ជូនទៅរដ្ឋាភិបាលប្រទេសឡាវដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាព។
ក្នុងពិធីប្រគល់ទទួលជំនួយធ្វើឡើង នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល កម្ពុជាឡាវ នៅថ្ងៃ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ ពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោជូនដល់ថ្នាក់ដឹកនាំនិងប្រជាជនឡាវសូមឱ្យមានសុខភាពល្អបរិបូរណ៌និងសុខសុវត្តិភាពនិងសូមឱ្យទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ទៀតថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជំនួយលើកទី៣នេះជូនប្រទេសឡាវ មានថវិកាចំនួន ១៣លានដុល្លារ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង សម្រាប់បម្រើឱ្យការឆ្លើយតបទៅនឹងជំងឺកូវីដ១៩នៅប្រទេសឡាវ និង បានបង្ហាញពីការជួយគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការ នាំមកនូវសុខសន្តិភាពនៅក្នុងតំបន់អាស៊ានផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ប៊ុ នហ្វែង ភូម៉ាឡៃ ស៊ីតរដ្ឋមន្រ្តីសុខាភិបាលឡាវមានប្រសាសន៍ សំដែងការសាទរជូនចំពោះរាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោដែលបានផ្តល់ ជំនួយសម្ភារៈ បរិក្ខារពេទ្យ វ៉ាក់សាំង រថយន្តនិងថវិកាដល់ប្រទេសឡាវ ដែលបានបង្ហាញពីសណ្តានចិត្តដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជួយ ប្រជាជនឡាវការពារលើកកម្ពស់សុខភាពក្នុងការបង្ការជំងឺកូវីដ១៩។
សូមបញ្ជាក់ផងដែរថា ៖នេះជាលើកទី៣ហើយក្នុងការផ្ដល់ជំនួយពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ព្រោះកាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខ ជូនរដ្ឋាភិបាលឡាវនិងកាលពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាក៏បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវ រួចមកហើយផងដែរ៕
ប្រភព៖ក្រសួងព័ត៍មាន