កូនឈើប្រភេទព្រៃលិចទឹក និងកូនត្នោត ត្រូវបានដាំស្តារព្រៃឡើងវិញនៅជុំវិញបឹងទន្លេសាប

នៅថ្ងៃ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងសហគមន៍នេសាទផងដែរ បានអញ្ជើញដាំដើមត្នោត និងដើមឈើព្រៃលិចទឹកឡើងវិញ នៅតំបន់ព្រៃលិចទឹកដែលជាដីអភិរក្សរបស់រដ្ឋបឹងទន្លេសាបទើបដកហូតយកមកវិញ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះជានិម្មិតរូបមួយពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងខេត្តនិងប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញបឹងទន្លេសាបជាដើម។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងនោះមានប្រភេទពូជកូនឈើ ដើមរាំង កូនទោល កូនចឹកកែង កូនទាស់ កូនកន្សែង កូនត្អូរ និងដើមត្នោតជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា ការដាំស្តារឡើងវិញនេះគឺនៅលើផ្ទៃដីដែលទទួលរងគ្រោះដោយសារភ្លើងឆេះនារដូវប្រាំងកន្លងមក ដែលទទួលរងនូវភាពរាំងស្ងួត ។ យើងបានចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា អភិរក្ស នូវព្រៃលិចទឹក ស្តារធនធានធម្មជាតិរបស់យើងឡើងវិញ ដើម្បីជាជម្រកពងកូនសម្រាប់មច្ឆជាតិនៅរដូវទឹកឡើង។

ឯកឧត្តមបានជំរុញដល់អាជ្ញាធរដែនដី នៅក្នុងតំបន់នេះត្រូវខិតខំស្ដារ និងដាំកូនឈើឡើងវិញ និងយល់ដឹងអំពីប្រយោជន៍រួមនូវការថែរក្សាការពារព្រៃលិចទឹក ដែលធ្វើឱ្យផែនការសកម្មភាពក្នុងការស្តារព្រៃលិចទឹកឡើងវិញ ដែលសកម្មភាពនៃការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះសម្រាប់ជាប្រយោជន៍រួមទៅអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ទៀតថា ព្រៃលិចទឹក គឺជាតំបន់អភិរក្សរបស់តំបន់ទំនាបបឹងទន្លេសាប ហើយកន្លែងអភិរក្សនេះ គឺគេអភិរក្សជីវៈចម្រុះទាំងនៅក្នុងទឹក និងទាំងនៅលើគោក ហើយអ្នកដែលទទួលបានផលប្រយោជន៍ គឺសហគមន៍ប្រជាជនមូលដ្ឋានតែម្តង។ មច្ឆជាតិទាំងអស់ដែលរស់នៅបានគឺពឹងផ្អែកទៅលើព្រៃលិចទឹកនេះ ដែលបានបន្សល់សត្វច្រើន ហើយអ្វីដែលបានសល់រហូតមកដល់សព្វថ្ងៃ គឺបានដោយសារព្រៃលិចទឹកនេះ ៕

ដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង