សម្តេចតេជោ ហ៊ុន សែន៖ អ្នកណាចង់ឱ្យមីយ៉ាន់ម៉ាចេញពីអាស៊ាន ចិត្តសឿង ដកទូតចេញពីមីយ៉ាន់ម៉ាទៅ ចាំមករិះគន់ខ្ញុំ
ស្របពេលដែលមានអ្នកនយោបាយ និងក្រុមអ្នកប្រឆាំងមួយចំនួនបានរិះគន់ចំពោះ គម្រោងធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឆ្លើយតបចំពោះការរិះគន់នេះ ដោយគូសបញ្ជាក់ថា បើសិនអ្នកណាចង់ឱ្យមីយ៉ាន់ម៉ាចេញពីសមាជិកអាស៊ាន ឬអាស៊ាន៩ ចិត្តសឿងដកទូតចេញពីមីយ៉ាន់ម៉ាទៅ រួចហើយចាំមករិះគន់សម្ដេច។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា “ខ្ញុំសូមបញ្ជាក់បន្តិច ពាក់ ព័ន្ធនឹងខ្ញុំធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដោយសារមានអ្នកខ្លះគាំទ្រ អ្នកខ្លះមិនពេញចិត្ត ខណៈយើងនឹងខិតខំដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ឱ្យអាស៊ានវិលត្រឡប់ពី៩ មក១០វិញ និងធ្វើការសម្របសម្រួលជាមួយមីយ៉ាន់ម៉ា”។
សម្ដេចតេជោបានបញ្ជាក់ថា មានអ្នកមិនគាំទ្រសម្តេចទៅមីយ៉ាន់ម៉ា ដែលមានលោក Kasit Piromya អតីតរដ្ឋ មន្ត្រីការបរទេសថៃ តំណាងរាស្ត្រម៉ាឡេស៊ីម្នាក់ និងអ្នកខ្លះទៀតបង្ហាញកង្វល់ថា ការធ្វើដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ាហាក់ដូចជាការបំផ្លាញការខិតខំរបស់គេបានធ្វើជិតដល់គោលដៅ(អ្វីទៅជិតឈានដល់គោលដៅ)។
សម្ដេចតេជោលើកឡើងថា ជិតដល់គោលដៅត្រង់ថាអ្នកចង់យកមីយ៉ាន់ម៉ាចេញពីអាស៊ានមែនទេ។ អ្នកខ្លះ គេថាសម្តេចទៅមីយ៉ាន់ម៉ា ហាក់ដូចជាទទួលស្គាល់រដ្ឋបាលមីយ៉ាន់ម៉ាដែលចេញពីរបបយោធា។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “ខ្ញុំ គ្រាន់សួរបកទៅវិញថាតើប្រទេសអ្នកឯងបានផ្តាច់ទូតចេញពីមីយ៉ាន់ម៉ាហើយ ឬនៅ? នេះ សំណួរសូមឆ្លើយមក មុនអ្នកចង្អុលមុខខ្ញុំ គឺបើអ្នកហ៊ានដកទូតចេញពីមីយ៉ាន់ម៉ា ទើបអ្នកចិត្តសឿង។ ប៉ុន្តែប្រទេសទាំងអស់លើលោកមិនទាន់ដកទូតចេញពីមីយ៉ាន់ម៉ានោះទេ ហើយតើហេតុអ្វីបានជា ហ៊ុន សែនមិនអាចទៅមីយ៉ាន់ម៉ាបាន។ ខ្ញុំមានទូតនៅមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ក៏មានទូតនៅភ្នំពេញ។ អីចឹងដំណើរខ្ញុំទៅមីយ៉ាន់ម៉ាគ្មានខុសទេ ព្រោះជាទម្លាប់ការទូតធម្មតា ហើយក៏ជាផ្នែកមួយនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន។ អាស៊ាន៩មានន័យថាបរាជ័យ។”
ជាមួយគ្នានេះដែរ សម្ដេចតេជោបានថ្លែងបញ្ជាក់ទៀតថា សម្តេចនឹងខិតខំធ្វើយ៉ាងណាឱ្យអាស៊ាន៩ មកក្លាយជាអាស៊ាន១០វិញនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា “ខណៈខ្ញុំជាប្រធានអាស៊ានដរាបណាមានអាស៊ានតែ៩នោះ អាស៊ានមិនគ្រប់ទឹក ហើយអាស៊ានមិនគួរធ្វើការបែបនេះទេ។ ខ្ញុំទៅមីយ៉ាន់ម៉ា អ្នកនៅប្រទេសនានា រាប់ទាំងអ្នករសរសេការសែតបានសួរខ្លួនឯងថាតើប្រទេសខ្លួនបានផ្តាច់ទូតពីមីយ៉ាន់ម៉ាហើយ ឬនៅ”។
សម្ដេចបានបន្ថែមថា ប្រទេសទាំងអស់រក្សាស្ថានទូតនៅបណ្តាប្រទេសអាស៊ាន ហើយមីយ៉ាន់បានរក្សាទូតនៅបណ្តាប្រទេសអាស៊ាន និងរក្សាអគ្គរដ្ឋទូតនៅក្នុងអក្គលេខាធិការអាស៊ាន តើហេតុអ្វីបានយើងមិនអាចទៅបាន។
សម្ដេចតេជោក៏បានថ្លែងបន្ថែមថា “ខ្ញុំសួរមួយចំនួនហើយឆ្លើយឱ្យខ្ញុំថាបើអ្នកចិត្តសឿងអ្នកផ្តាច់ទូតចេញពីមីយ៉ាន់ម៉ាទៅ ចាំមកបន្ទោសខ្ញុំ។ ខ្ញុំមិនមែនរឿងអ្វីខុសទេ បទពិសោធន៍អ្នក ទោះបីជាអាយុ៨០ឆ្នាំក្តី តែនៅខ្ចីណាស់ សូមទៅរៀនឡើងវិញ”។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ក្នុងនាមជាសមាជិកអាស៊ាន នឹងខិតខំប្តូ រផ្តាច់ដោយមានការទទួលខុសត្រូវ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនគឺ ត្រូវធ្វើឱ្យអាស៊ាន ពី៩ មក១០វិញ ពីព្រោះថាអាស៊ានមាន១០ប្រទេស។ បើអាស៊ាន៩ គឺគ្មានកុងសង់ស៊ីទេ ព្រោះបាត់មួយ។
ពាក់ព័ន្ធនឹងអាស៊ាននេះដែរ សម្តេចតេជោក៏បានលើកឡើងដែរថា ក្នុងប៉ុន្មានថ្ងៃមកនេះមានការលើកឡើងពីក្រុមប្រឆាំងនៅក្នុងតំបន់អាស៊ាន និងមានក្រៅតំបន់ខ្លះថាដំណើរទស្សនកិច្ចរបស់ សម្តេចទៅមីយ៉ាន់ម៉ា បែបនេះ បែបនោះ។ សម្តេចតេជោថា បើអ្នកផ្តាច់ទូតពីមីយ៉ាន់ម៉ា ជាសិទ្ធិរបស់អ្នក ហើយកម្ពុជារក្សាទូតនៅមីយ៉ាន់ម៉ាគឺ ជាសិទ្ធិកម្ពុជា ក្នុងនាមរដ្ឋអធិបតេយ្យ។ ទន្ទឹមនេះ កម្ពុជានឹងខិតខំធ្វើយ៉ាងណាឱ្យអាស៊ានមានឯកភាពគ្នាចំនួន១០ប្រទេស មកវិញពីព្រោះថាកន្លងមកនេះអាស៊ានមិនបានឯកភាពគ្នានោះទេ និងចូលរួមចំណែកអនុវត្តន៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន។
សម្ដេចតេជោបានថ្លែងឱ្យដឹងទៀតថា “ការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាមិនអាចដោះស្រាយ ឬជួបគ្នាជាមួយមេដឹកនាំប្រទេសមីយ៉ាន់ម៉ា តែម្តងរួចនោះទេ បញ្ហានេះ មានភាពស្មុគស្មាញដែលត្រូវការពេលវេលាច្រើន”៕
ប្រភព៖ ក្រសួងព័ត៍មាន