គ្រួសារកុមារា គង់ សីហា បានទទួលអំណោយផ្ទះ១ខ្នងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
គ្រួសារកុមារា គង់ សីហា អាយុ៧ឆ្នាំ ជាសិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សា ជ័យ នៃ ភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានបណ្ដាញសង្គមហ្វេសប៊ុក មួយចំនួនបានបង្ហោះរូបកុមារា គង់ សីហា ដែលពាក់ប័ណ្ណចាក់វ៉ាក់សាំង ក្នុងថង់ប្លាស្ទិចចងភ្ជាប់នឹងឡេវអាវ ក្នុងឯកសណ្ឋានជាសិស្ស មានសភាពចាស់ និងគ្មានស្បែកជើងពាក់ គួរឱ្យអាណិតខុសពីកុមារដទៃទៀត។
ព័ត៌មាននេះត្រូវបានចាប់អារម្មណ៍ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ សម្ដេចទាំងទ្វេក៏បានចាត់ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះជួប និងពិនិត្យដោយផ្ទាល់អំពីស្ថានភាព និងជីវភាពគ្រួសារកុមារា គង់ សីហា ហើយក៏សម្រេចឧបត្ថម្ភថវិកាមួយចំនួន និងសាងសង់ផ្ទះ១ខ្នង ជូនដល់គ្រួសារកុមារា គង់ សីហា នេះ។
ពិធីប្រគល់ផ្ទះនេះ បានប្រព្រឹត្តទៅនៅថ្ងៃ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ ក្នុងពេលដំណាលជាមួយគ្នា នៃការប្រគល់ផ្ទះជូនគ្រួសារកុមារា គង់ សីហា នេះដែរក៏មានផ្ទះជាអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ បានប្រគល់ផ្ទះទី២ទៀត ជូនដល់គ្រួសារបងស្រី ថ្លាង តី អាយុ២៦ឆ្នាំ និងស្វាមីឈ្មោះ ហូត ហោម អាយុ ២៣ឆ្នាំ ដែលគ្រួសារនេះត្រូវជាអ៊ំស្រីរបស់កុមារា គង់ សីហា ។ គាត់ជាអ្នកមើលថែកុមារា គង់ សីហា ពេលដែលឪពុកម្ដាយមិននៅផ្ទះ ព្រោះត្រូវទៅជួលដីគេធ្វើស្រែចម្ការ នៅឯស្រុកស្វាយលើ។ ដោយមើលឃើញពីស្ថានភាពគ្រួសារក៏លំបាកដែរ សម្ដេចតេជោ ហ៊ុន សែន ក៏សម្រេចផ្ដល់ផ្ទះមួយខ្នងទៀតជូនគ្រួសារនេះដែរដែលស្ថិតនៅក្បែរគ្នា។
នៅក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទាំង២ខ្នងនេះដែរ ក៏មានអំណោយមនុស្សធម៌មួយចំនួនជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលងាយរងគ្រោះចំនួន ៣៥០គ្រួសារ ដែលមកពី៧ភូមិក្នុ ងឃុំរុនតាឯក ដែលបានមកចូលរួមនៅក្នុងពិធីប្រគល់ផ្ទះនេះ។ អំណោយទាំងនោះរួមមាន៖ គ្រួសារដែលទទួលផ្ទះ២គ្រួសារនោះ ទទួលបានអំណោយសង្កត់ផ្ទះមាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ មុង៣ ភួយ៣ សារុង១ ក្រមា៣ ខ្នើយ២ កន្ទេល២ អាវយឺត៤ សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល។ រីឯប្រជាពលរដ្ឋ ៣៥០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា៤ម៉ឺនរៀល។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះឯកឧត្តម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូននាពេលនេះជាតឹកតាងបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ក្នុងការជួយកាត់បន្ថយនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានមួយកម្រិត។ ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលបានផ្តល់នូវអំណោយដ៏ថ្លែថ្លា និងមានសារៈសំខាន់ប្រកបដោយមនុស្សធម៌ វិសេសវិសាលនេះ។
ឯកឧត្តម ក៏បានក្រើនរម្លឹកផងដែរ ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ អំពីជំងឺកូវីដ-១៩ ទោះពេលនេះប្រទេសកម្ពុជាយើង ហាក់មានសភាពធូរស្រាល និងបានបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ក៏ដោយ ក៏សូមលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងសហគមន៍ បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគឺ ៣កុំ និង៣ការពារ ៕
ប្រភព៖ ក្រសួងពត៍មាន