រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា កម្ពុជានៅតែបន្តថែរក្សាបរិយាកាសនយោបាយរឹងមាំ ដើម្បីលក្ខខណ្ឌអំណោយផលដល់ការវិនិយោគនៅកម្ពុជា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអះអាងថា កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថិរភាពជាតិបានរឹងមាំដើម្បីបង្កលក្ខខណ្ឌអំណោយផលដល់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយធ្វើបែបនេះគឺសំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ នេះបើយោងតាមផេកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង។
ថ្លែងក្នុងពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២នៃសមាគមសហគ្រាសជាំងស៊ូនៅកម្ពុជា កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងសន្តិសុខសាធារណៈចិន។ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការការងារដើម្បីបន្តអនុវត្តន៍ឆ្នាំនៃកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ក្នុងគោលដៅរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរ។ សម្តេចក្រឡាហោមបានបន្តថា ពិសេសរួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរដល់១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣។
ដោយឡែកពាក់ព័ន្ធនឹងការវិនិយោគវិញ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជា បន្តឈរនៅលំដាប់ទី១ ហើយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំ២០២០។ សម្ដេចក្រឡាហោមបន្តទៀតថា ខេត្តជាងស៊ូក៏ជាខេត្តមួយរបស់ចិនដែលមានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ដែលកម្ពុជាក៏បាននិងកំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងដែលនឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀតពីមកខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅចិន ព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោក៕