សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩
ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាគ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំ នោះទេ។ គួររំលឹកផងដែរ ៣ការពារ និង៣កុំ រួមមាន៖
«៣កុំ» មានន័យថា៖
ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។
ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និង
ទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។
ចំណែក«៣ការពារ»គឺ ៖
ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។
ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និង
ទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងថា៖
” ពីរនាក់បានហើយ!ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំនោះទេ។ ខ្ញុំមានកម្លាំងការពារយ៉ាង រឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាច ការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។ ប្រពន្ធ និងកូនៗ ព្រមទាំងចៅៗរបស់ខ្ញុំ ក៏មិនអាចការពារខ្ញុំបានដែរ។និយាយរួមគ្មាន អ្នកណាអាចការពារខ្ញុំបានឡើយគឺមាន តែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនខ្ញុំបាន។ សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់ វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូស មូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួន យើង គ្រួសារយើង ភូមិ ឃុំយើង និងជាតិយើង៕ “