ក្រសួងវប្បធម៌ ថា មហោស្រពភាពយន្តជប៉ុនជួយដល់ការអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តនៅកម្ពុជា

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការរៀបចំមហោស្រពភាព យន្តជប៉ុននៅកម្ពុជា មិនត្រឹមតែជាវេទិកាសម្រាប់ផ្សព្វផ្សាយពីភាពយន្តជប៉ុនប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ជួបជុំរវាងផលិតករ អ្នកបច្ចេកទេសភាព យន្តកម្ពុជា-ជប៉ុន ដើម្បីធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយរបស់កម្ពុជា លើផ្នែកធនធានមនុស្ស និងបច្ចេកទេស។

Banner Sidebar 1 – ទឹកលាងដៃ

ស្ថានទូតជប៉ុន ក្រោមកិច្ចសហការជាមួយមូលនិធិជប៉ុន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពភាពយន្ត នៅក្នុងរាជធានីភ្នំពេញពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៤ ខែមករា ដោយការសម្រិតសម្រាំងនូវភាពយន្តសម្រាប់ការចាក់បញ្ចាំង ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌រវាងជប៉ុន និងកម្ពុជាឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា មហោស្រពភាពយន្តនេះ ជាការបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀត ក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកដល់ការវិវត្តន៍រីកចម្រើននៃឧស្សាហកម្មភាពយន្តរបស់ប្រទេសកម្ពុជា ព្រមទាំងរួមចំណែកក្នុងការបង្កើនការយល់ដឹងរបស់ប្រជាជន និងក៏ជាផ្នែកមួយជួយពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌។ លោកជំទាវ បានលើកទឹកចិត្តដល់ផលិតករភាព យន្តជប៉ុន ពិនិត្យលទ្ធភាពបង្កើតឱកាសវិនិយោគលើវិស័យភាព យន្តនៅកម្ពុជា ពិសេសការប្រើ ប្រាស់ទឹកដីកម្ពុជា ជាទីកន្លែងសម្រាប់ថតភាពយន្ត ស្របតាមគោលនយោបាយជាតិស្តីពីវប្បធម៌។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា ភាពយន្តជប៉ុនឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយបានផ្តល់ឱកាសដ៏ល្អមួយ សម្រាប់ឱ្យប្រជាជនកម្ពុជាស្គាល់ពីប្រទេស និងប្រជាជនជប៉ុន។

មហោស្រពភាពយន្តជប៉ុន បានចាប់ផ្តើមលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១៥ ដោយបានរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញភាពយន្តដល់ផលិតករ និងអ្នកបច្ចេកទេសភាពយន្តកម្ពុជា តួយ៉ាងក្នុងប៉ុន្មានខែចុងក្រោយនេះ ក្រោមកិច្ចសហការគ្នាបានបើកវគ្គបណ្តុះជំនាញសរសេរអត្ថបទភាពយន្ត ជំនាញថត ជំនាញកាត់តដំឡើងរូប ព្រមទាំងជំនាញយកសំឡេងជូនដល់សិក្ខាកាមជាយុវជនកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង