អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យសុខភាព ប្រមាណ ១០០ ស្ថាប័ន ស្នើសុំរាជ រដ្ឋាភិបាលកម្ពុជាដំឡើងពន្ធថ្នាំជក់
ភ្នំពេញ ៖ អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យសុខភាពប្រមាណ ១០០ ស្ថាប័ន បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធថ្នាំជក់ ដើម្បីកាត់បន្ថយការស្លាប់ ឈឺ ពិការភាពដែលបណ្ដាលមក ពីការប្រើប្រាស់ថ្នាំជក់។
ក្នុងកិច្ចពិភាក្សាស្ដីវិធានការពន្ធលើផលិតផលថ្នាំជក់ដែលប្រារព្ធធ្វើនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វេ លោក ទឹម វរ៉ា នាយកប្រតិបត្តិ គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពមានប្រសាសន៍ថា ៖ “សមាជិកនៃបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យសុខភាព ច្រើនលើសលប់ សុំឱ្យមានការដំឡើងពន្ធថ្នាំជក់ ដោយសារតែថ្នាំជក់ជាផលិតផលដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ”។
ថ្នាំជក់ជាផលិតផលដែលសម្លាប់ប្រមាណ ៥០% នៃអ្នកដែល ប្រើប្រាស់វា។ រៀងរាល់ឆ្នាំ នៅទូទាំងសកលលោក មនុស្សប្រមាណ ៧លាននាក់បានស្លាប់ដោយការប្រើប្រាស់ថ្នាំជក់ផ្ទាល់ និង ប្រមាណ ១លាននាក់បានស្លាប់ដោយសារតែការស្រូបផ្សែងថ្នាំជក់ពីគេ។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០នាក់ផងដែរ (WHO)។
លោកវេជ្ជ. យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោកឱ្យដឹងថា ៖ “ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យកម្ពុជាខាតបង់គិតជាថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣%នៃ GDPរបស់កម្ពុជា។ បើប្រទេសកម្ពុជា ដំឡើងពន្ធរហូតដល់៧៥%នៃតម្លៃបារីលក់រាយ ឱ្យស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភព លោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥លានដុល្លារសហរដ្ឋក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋក្នុងរយៈពេល១៥ ឆ្នាំខាងមុខ”។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ៖ “ការដំឡើងពន្ធថ្នាំជក់ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា។ ការស្ទង់មតិប្រជាពលរដ្ឋដែលធ្វើឡើងដោយ សកលវិទ្យាល័យជាតិមានជ័យ កាលពីឆ្នាំ២០២១ បង្ហាញថា ប្រជាពលរដ្ឋកម្ពុជា 94% គាំទ្រវិធានការដំឡើងពន្ធថ្នាំជក់ ។
ការដំឡើងពន្ធ ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលអង្គការសុខភាពពិភពលោកបាន បញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការឈឺ ស្លាប់ ពិការភាពដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ព្រមទាំងបង្កើតចំណូលពន្ធបន្ថែមយ៉ាងច្រើន ដល់រដ្ឋាភិបាលផងដែរ។ ប៉ុន្តែ ការសើ្ន សុំការដំឡើងពន្ធថ្នាំជក់នេះ តែងជួបប្រទះនូវឧបសគ្គជាច្រើន។
លោកស្រី Bungon Ritthiphakdee អ្នកជំនាញអន្តរជាតិ និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលសកលសម្រាប់អភិបាលកិច្ចល្អក្នុងការត្រួតពិនិត្យថ្នាំជក់ បានឱ្យដឹងថា ៖ “ក្រុមហ៊ុនថ្នាំជក់បានទទួលស្គាល់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់ដែលនាំឱ្យតម្លៃបារីឡើងថ្លៃ គឺមានប្រសិទ្ធភាពកាត់បន្ថយការប្រើប្រាស់ ដូច្នេះ ក្រុមហ៊ុនថ្នាំជក់បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរារាំងការដំឡើងពន្ធថ្នាំជក់។ ល្បិចកលរបស់ពួកគេ គឺផ្សព្វផ្សាយព័ត៌មានមិនពិតដែលថា ដំឡើងពន្ធថ្នាំជក់ ប៉ះពាល់ដល់អ្នកជក់បារីដែលមានប្រាក់ចំណូលទាប និងនាំទៅរកការគេចពន្ធ។ ប្រទេសជាច្រើនលើពិភពលោក បានបញ្ជាក់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់គឺជាគោលនយោបាយឈ្នះ ឈ្នះសម្រាប់រដ្ឋាភិបាល។ ឈ្នះទី១ គឺរដ្ឋាភិបាល នឹងទទួលបានប្រាក់ចំណូលពន្ធបន្ថែម។ រីឯ ឈ្នះទៅ២ គឺវិធានការនេះ ល្អសម្រាប់សុខភាពសាធារណៈ ព្រោះអ្នកជក់បារីជក់តិចជាងមុន ឬឈប់ជក់តែម្ដង ខណៈយុវជន មិនអាចទិញបារីបាន”។
គួរបញ្ចាក់ថា បច្ចុប្បន្នពន្ធថ្នាំជក់នៅប្រទេសកម្ពុជានៅមានអត្រា២៥%នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង ៣១%សម្រាប់បារីនាំចូល ដែលអត្រានេះនៅមានកម្រិតទាប នៅឡើយ បើធៀបជាមួយអត្រាពន្ធថ្នាំជក់នៃប្រទេសអាស៊ានផ្សេងៗទៀត។ អត្រាពន្ធថ្នាំជក់សមរម្យបំផុត ដែលណែនាំដោយ អង្គការសុខភាពពិភពលោក និងធនាគារពិភពលោកគឺ ៧៥% នៃតម្លៃលក់រាយ៕