ក្រសួងព័ត៌មានជួយបន្ថែមចំណេះដឹងដល់អ្នកសារព័ត៌មាន ពីការសរសេរពាក្យរាជសព្ទនិង សង្ឃសព្ទ

ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាស្តីពីការស្វែងយល់ពាក្យរាជសព្ទ និង សង្ឃសព្ទ ដល់អ្នកសារព័ត៌មានរដ្ឋ និង ឯកជន ដើម្បីសិក្សាស្វែងយល់ឱ្យបានកាន់តែច្បាស់បន្ថែមទៀត ចៀសវាងនូវការប្រើប្រាស់ពាក្យរាជសព្ទនិងសង្ឃសព្ទខុស នាំឱ្យមានការយល់ ច្រឡំ។

Banner Sidebar 1 – ទឹកលាងដៃ

ថ្លែងក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់ពីរាជសព្ទ និង សង្ឃសព្ទ នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងថា ការបើកសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មាន ដែលជាពិធីករ ពិធីការិនី និងអ្នកអានព័ត៌មានបានស្វែងយល់បន្ថែមទៀត ចំពោះការប្រើពាក្យរាជសព្ទនិងសង្ឃសព្ទ ព្រោះថា ក្នុងនាមជាអ្នកសារព័ត៌មានគឺត្រូវ តែមានចំណេះដឹងផ្នែកនេះក្នុងផ្សព្វផ្សាយឱ្យបានត្រឹមត្រូវទៅកាន់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ការយល់ដឹងពីការប្រើប្រាស់ពាក្យរាជសព្ទ និង សង្ឃសព្ទ មានសារៈសំខាន់ណាស់ ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសរាជានិយម ខណៈដែលប្រជាពលរដ្ឋមួយចំនួន គឺមិនចេះប្រើប្រាស់ នូវពាក្យពេចន៍ រាជសព្ទនិងសង្ឃសព្ទ បានត្រឹមត្រូវនៅឡើយទេ។ ហេតុដូចនេះ ក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មាន ត្រូវតែចេះប្រើប្រាស់ពាក្យ ឱ្យបានច្បាស់លាស់ ។

ឯកឧត្តមបញ្ជាក់ថា ៖« អ៊ីចឹងសម្រាប់បងប្អូនដែលជាអ្នកធ្វើអត្ថាធិប្បាយ ឬក៏ជាពិធីករ មានពេលខ្លះ ប៉ះចំថ្ងៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ហើយថ្ងៃនោះចង់មិនចង់ព្រោះថាយើងជាអ្នកសម្របសម្រួលកម្មវិធីនោះ យើងមិនចូលរួម ទាល់តែសោះក៏មិនកើតដែរ បើយើង មិនយល់ពីរាជសព្ទ យើងធ្វើមិនដឹងមិនឮ ហើយស្ទាក់ស្ទើរក្នុងការប្រើពាក្យពេចន៍ នៅក្នុងថ្ងៃ ពិធីប្រជាជន អ្នកទស្សនានឹងទស្សនិកជន ប្រាកដជាគាត់ឆ្ងល់ថា ចុះហេតុអីកម្មវិធីទូរទស្សន៍មួយទាំងមូល ធ្វើការផ្សាយផ្ទាល់ នៅចំព្រះរាជពិធីចម្រើន ព្រះជន្មព្រះមហាក្សត្រ ហេតុអីបានជាពិធីករអត់រកនឹកអីនិយាយអីមួយម៉ាត់ ដូចនេះវារឹតតែខុសទៅទៀត ដូចនេះដាច់ខាតយើងត្រូវប្រើ។ »

គូរជម្រាបថា សិក្ខាសាលា ស្តីពីការស្វែងយល់ពីរាជសព្ទនិង សង្ឃសព្ទ ដល់អ្នកសារព័ត៌មានរដ្ឋនិងឯកជននៅថ្ងៃនេះ គឺមានការចូលរួមពីមន្រ្តី នៃអគ្គនាយកដ្ឋានទាំង៥របស់ក្រសួងព័ត៌មាន និងពិធីករ ពិធីការិនីវិស័យឯកជន សរុប៨៥នាក់៕

អត្ថបទដែលជាប់ទាក់ទង