ប្រធាន គ.វ.ក១៩ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេច ការរស់នៅជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មីនោះទេ

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារចាក់វ៉ាក់សាំងនៅខេត្តក្រចេះ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេច ការរស់នៅជាធម្មតា តាមបែបគន្លងប្រក្រតីភាពថ្មី នោះទេ ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមធ្វេសប្រហែសពីការអនុវត្តវិធានការការពារខ្លួន។

Banner Sidebar 1 – ទឹកលាងដៃ

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ៖ “បងប្អូនប្រជាពលរដ្ឋយើង បន្ទាប់ពីបានទទួលវ៉ាក់សាំងរួច ស្របពេលដែលសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញកាលពីពេលកន្លងទៅនេះ បានចាប់ផ្តើមរស់នៅ ប្រកបរបរ ឬអាជីវកម្មផ្សេងៗជាធម្មតាហើយ ប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញ គឺបងប្អូនយើងហាក់ដូចជាភ្លេចនូវ “ប្រក្រតីភាពថ្មី”។ ខ្ញុំសូមជម្រាបជូនថា យើងវិលទៅរកការរស់នៅជាធម្មតាមែន ប៉ុន្តែមិនមែនជាធម្មតាដូចមុនពេលដែលកម្ពុជាមិនទាន់មានកូវីដ-១៩នោះទេ ការរស់នៅជាធម្មតា ប៉ុន្តែតាមបែបគន្លងប្រក្រតីភាពថ្មី គឺត្រូវអនុវត្ត ០៣ការពារ និង០៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំង ទើបជាការត្រឹមត្រូវ ជាពិសេសទៅទៀតនោះ គឺក្នុងបរិបទដែលកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ដែលជាប្រភេទឆ្លងលឿន និងគ្មានព្រំដែនកំណត់”។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ រួមជាមួយនឹងអាជ្ញាធរដែនដីខេត្តក្រចេះ ក៏បានគិតគូរផងដែរពីការផ្លាស់ប្តូរនីតិវិធី និងបែបបទ នៃការចាក់វ៉ាក់សាំងដោយបែបទន់ភ្លន់ ដោយសម្រេចថានឹងធ្វើជំរឿនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ/សង្កាត់ដែលមិនទាន់បានចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញជាដើម ដោយមូលហេតុ ឬកត្តាផ្សេងៗនោះ ដោយក្រុមការងាររបស់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ នឹងមិនរង់ចាំឱ្យបងប្អូនមកចាក់ទៀតទេ គឺនឹងសម្រេចទៅចាក់ដល់មូលដ្ឋានដែលពួកគាត់រស់នៅតែម្តង។

ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ក៏បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពជាបន្តបន្ទាប់ផងដែរ ដោយសម្រេចចាក់បាន ១០ ២០៩ ១៤៣ នាក់ សម្រាប់ក្រុមដែលមានអាយុ ១៨ឆ្នាំឡើង ដែលស្មើនឹង ១០២.០៩% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ សម្រេចចាក់បានចំនួន ១ ៨១៩ ៩៤៣ នាក់ ស្មើនឹង ៩៩.៥៩% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។ សម្រាប់កុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំវិញ សម្រេចចាក់បានចំនួន ២ ០១២ ៣១៤ នាក់ ដែលស្មើនឹង ១០៦.០៦% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ដោយឡែកក្រុមកុមារដែលមានអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៥ ៦៣៤ នាក់ ដែលស្មើនឹង ១០៧.០០%។

សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស សម្រេចចាក់បានចំនួន ១៤ ៣៦៧ ០៣៤ នាក់ ដែលស្មើនឹង ៨៩.៧៩% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលនេះជាស្ថិតិមួយ ដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង