ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការ ងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសដែលឯកឧត្តមទទួលបានការតែងតាំងពីរដ្ឋាភិបាលសង្គមនិយមវៀតណាម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍កត់សម្គាល់ ពីកិច្ចសហប្រតិបត្តិការល្អប្រសើរ លើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ដែលបញ្ជាក់អំពីទំនាក់ទំនងកាន់តែរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសទាំងពីរ និងបន្តរក្សាកិច្ចសហប្រតិបត្តិការ លើយន្តការដែលមានស្រាប់ ក៏ដូចជារិះរកនូវយន្តការថ្មីៗដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់រីកចម្រើនបន្ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការប្តេជ្ញាចិត្តជាថ្មីថា នឹងបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕ ដោយ ទេស ច័ន្ទសុធារី (ប្រភពៈ ក្រសួងពាណិជ្ជកម្ម)