សម្ដេចតេជោ ហ៊ុន សែន អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ នូវជំនួយឧបត្ថម្ភគាំទ្រសម្រាប់ការកសាងសមិទ្ធផលនៅកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវជំនួយឧបត្ថម្ភគាំទ្រ សម្រាប់ការកសាងសមិទ្ធផលទាំងឡាយនៅកម្ពុជា ជាពិសេសការផ្ដល់ជំនួយសម្រាប់គម្រោងការពារទឹកជំនន់ ចម្រោះទឹកកខ្វក់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងការពារទឹកជំនន់ ការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បាន ហៅសមិទ្ធផលនេះជាផ្លែផ្កានៃលទ្ធផលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកម្ពុជាបានខិតខំធ្វើទំនាក់ទំនងតាំងពីអតីតកាលរហូតមក។ សម្ដេចតេជោថ្លែងរម្លឹកថា ជប៉ុនបានទទួលស្គាល់កម្ពុជានៅឆ្នាំ១៩៥២ មុនពេលដែលកម្ពុជាបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ហើយការដែលជប៉ុនបានទទួលស្គាល់កម្ពុជានៅពេលនោះ គឺជាចលករមួយក្នុងចំណោមចលករនៃការជំរុញកម្ពុជាឈានទៅរកឯករាជ្យ។ បន្ទាប់ពីនោះមកទៀតជប៉ុនបានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនិងការផ្ដល់ជំនួយសម្រាប់ស្ដារនិងកសាងប្រទេសកម្ពុជាឡើងវិញផង។ ជាមួយគ្នានោះ ជប៉ុនបានបញ្ជូនអ្នកវិនិយោគកាន់តែច្រើនឡើងមកកាន់កម្ពុជា បន្ថែមទៅដោយជំនួយទាក់ទងនិងការអភិវឌ្ឍធនធានមនុស្ស បានផ្ដល់ឱកាសពលករកម្ពុជាបានទៅធ្វើការនៅឯប្រទេសជប៉ុន និងទំនិញរបស់កម្ពុជាបានចូលទៅកាន់ទីផ្សាររបស់ជប៉ុនកាន់តែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ហើយឆ្នាំក្រោយនេះគឺជាខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន។ សម្ដេចតេជោបានគូសបញ្ជាក់ថា គម្រោងការពារទឹកជំនន់ ការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ពិតជាមានសារៈសំខាន់ ដែលគម្រោងនេះបានបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង ដែលជានិច្ចជាកាលវាបានផ្ដល់នូវការខូចខាត ឬរំខានទៅដល់ការស់នៅរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ដូច្នេះ តាមរយៈនៃកិច្ចសហប្រតិបត្តិការនៃការជួយឧបត្ថម្ភជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលនិងប្រជាជនជប៉ុន បានបង្កើតឱ្យមានស្ថានភាពល្អប្រសើរ ក្នុងការកែលម្អប្រព័ន្ធលូ និងការចម្រោះទឹកកខ្វក់ មុនពេលចាក់ចូលទៅក្នុងទឹកទន្លេនៅក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ នេះចំណាយថវិកាទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លាអាម៉េរិកជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន គម្រោងនេះ រួមមាន ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកប្រវែង ៨,២គីឡូម៉ែត្រ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤,៤ គីឡូម៉ែត្រ សាងសង់អាងស្តុកទឹកក្រោមដីនិង សាងសង់ស្ថានីយបូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC ដំឡើងរបាមេកានិចស្វ័យ ប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង។
គម្រោងសាងសង់សំណង់ដូចរៀបរាប់ខាងលើដើម្បីការពារកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ ត្រូវបានបើកការ ដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។គម្រោងនេះប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែដោយចាប់ផ្តើមគម្រោងពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញជាមួយដៃគូអភិវឌ្ឍ ន៍នានាជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះបានអនុវត្តន៍ គម្រោងការពារទឹក ជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន ៤ លើកហើយ។ តាមរយៈគម្រោងទាំង៤ លើកនេះបានជួយឱ្យរាជធានីភ្នំពេញ គេចផុតពីការគំរាមកំហែងដោយទឹកជំនន់និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង៕