តម្លៃលក់រាយប្រេងឥន្ធនៈប្រេងសាំងធម្មតាឡើង ១០០រៀល និងប្រេងម៉ាស៊ូតឡើង ៤០០រៀល សម្រាប់ថ្ងៃទី២១-៣០ ខែមេសាឆ្នាំ២០២២
ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់ថ្ងៃទី២១-៣០ ខែមេសា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.១៥០រៀល/លីត្រ (ឡើង ១០០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៥.៥០០រៀល/លីត្រ(ឡើង ៤០០រៀល) នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
ការប្រែប្រួលតម្លៃនេះ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ សម្រាប់ថ្ងៃទី២១-៣០ ខែមេសា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៣១០រៀល/លីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៥.៦៦០រៀល/លីត្រ ។
តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជាន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ/លីត្រ ។