ឯកឧត្តម ហង្ស ពុទ្ធា ៖ ការទទួលពាក្យបណ្តឹងតវ៉ា មិនរំខានដល់ការប្រកាសលទ្ធផលបោះឆ្នោតរបស់ គ.ជ.ប នោះទេ
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះថា មកទល់ពេលនេះ គណៈកម្មាធិការឃុំ/សង្កាត់រៀបចំការបោះឆ្នោត (CEC) បានទទួលពាក្យបណ្តឹងតវ៉ាប្រមាណ ១០បណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ប៉ុន្តែបណ្តឹងទាំងនោះ នឹងមិនរំខាន ឬរារាំងដល់ការប្រកាសលទ្ធផលការបោះឆ្នោតនៅថ្ងៃនេះនោះទេ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ “តាមយន្តការទទួលពាក្យបណ្តឹងតវ៉ារបស់ គ.ជ.ប គឺគណបក្សនយោបាយមានសិទ្ធិប្តឹងទៅ CEC ពាក់ព័ន្ធនឹងភាពមិនប្រក្រតីណាមួយទៅនឹងការបោះឆ្នោត ហើយបើសិនជាការដោះស្រាយបណ្តឹងនេះ គណបក្សនយោបាយដែលដាក់ពាក្យបណ្តឹង ពុំពេញចិត្តនឹងលទ្ធផលទេនោះ គណបក្សនយោបាយអាចប្តឹងបន្តមក គណៈកម្មាធិការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ដើម្បីដោះស្រាយបន្ត ហើយបើមិនពេញចិត្តចំពោះលទ្ធផលទៀតនេះ គឺអាចប្តឹងបន្តមក គ.ជ.ប (NEC) ប៉ុន្តែការដាក់ពាក្យបណ្តឹងទាំងនេះ នឹងមិនអាចរារាំងដល់ការប្រកាសលទ្ធផលរបស់ គ.ជ.ប នោះទេ”។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៧គណបក្ស ដោយមានបេក្ខជនចំនួន ៨៦ ០៩២ នាក់ នៅក្នុងឃុំ/សង្កាត់ទូទាំងប្រទេស ចំនួន ១ ៦៥២ និងមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតមានចំនួន ៧ ៣៨២ ៤៤៩ នាក់ ដែលស្មើនឹង ៨០.១៩% នៃប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតដែលមានចំនួន ៩ ២០៥ ៦៨១ នាក់។
ជាមួយគ្នានេះ មានអ្នកសង្កេតការណ៍ជាតិចំនួន ៧៤ ៨៨៥ នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន ១១០ នាក់ ព្រមទាំងភ្នាក់ងារគណបក្សនយោបាយចំនួន ៨៨ ០៥០ នាក់ និងភ្ញៀវពិសេសគ.ជ.ប ដែលមកពីស្ថានទូតបរទេសមួយចំនួននៅកម្ពុជា បានចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតនេះផងដែរ។
ដោយឡែក អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ភ្នាក់ងារគណបក្សនយោបាយ និងគណបក្សនយោបាយ ច្រើនលើសលប់វាយតម្លៃថា ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់ និងដំណើរការដោយរលូន ដោយមិនមានអំពើហិង្សា និងភាពមិនប្រក្រតីណាមួយ គួរឱ្យកត់សម្គាល់នោះទេ។ ហើយបើយោងតាមលទ្ធផលបឋមវិញ គណបក្សប្រជាជនកម្ពុជាបានឈ្នះជាមេឃុំចំនួន ១ ៦៤៨ឃុំ/សង្កាត់ និងគណបក្សភ្លើងទៀត ឈ្នះជាមេឃុំចំនួន ០៤ឃុំ/សង្កាត់៕
ប្រភព៖ ក្រសួងព័ត៍មាន