អភិបាលស្រុកសេសានខេត្តស្ទឹងត្រែងឱ្យកសិករមកសិក្សាបច្ចេកទេសដាំទុរេនដោយមិនបាច់បង់ប្រាក់

    ស្ទឹងត្រែង ៖ អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងចលនាកសិករ ឱ្យដាំទុរេនព្រោះដំណាំមួយប្រភេទនេះបានផ្តល់ប្រាក់ចំណូលខ្ពស់  ដូច្នេះបងប្អូនកសិករដែលមានលទ្ធភាពត្រូវមកសិក្សាពីបច្ចេកទេសដាំដុះនិងថែទាំយកទៅអនុវត្តឱ្យទទួលបានផលល្អ ។

 ក្នុងឱកាសចុះជួបកសិករគំរូដាំទុរេននៅភូមិឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង ថ្ងៃទី០៩ មិថុនា លោកសុវណ្ណពិសេដ្ឋ អភិ បាលស្រុកនេះបាន បញ្ជាក់ថា៖កសិករមុនដាំដំណាំផ្សេងៗ ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវ ព្រោះដំណាំខ្លះដាំទទួលបានផលច្រើនមែន  តែមានតម្លៃទាប ធ្វើឱ្យបងប្អួនទទួលបានប្រាក់ចំណូលតិចតួចតែប៉ុណ្ណោះ ហើយពិបាករកទីផ្សារលក់ថែមទៀត  ជាក់ស្តែងដូចស្វាយកែវរមៀតជាដើម ។

       លោកបន្កថា៖អាជ្ញាធរលើកទឹកចិត្តឱ្យបងប្អូនកសិករមានលទ្ធភាព សូមនាំគ្នាដាំដំណាំទុរេន ព្រោះវាមានទីផ្សារស្រួលលក់ ហើយនាំគ្នាមកសិក្សាយកបច្ចេកទេសដាំដុះនៅចម្ការទុរេនសុខា សេសាន មានអ្នកបច្ចេកទេសរង់ ចាំបង្ហាត់បង្រៀនដល់បងប្អូន(សំឡេង)………………។

    លោកសំសុធី ម្ចាស់ចម្ការទុរេនសុខាសេសាន បានគាំទ្រផែនការរបស់អាជ្ញាធរស្រុក   ព្រោះបច្ចុប្បន្នកសិករភាគច្រើន បានផ្លាស់ប្ដូរមុខមាត់របស់ខ្លួន ពីការពឹងផ្អែកលើផលអនុផល ព្រៃឈើ   និងធ្វើនេសាទងាកមក ដាំដំណាំផ្សេងៗច្រើនគ្នា  ព្រោះកសិករខ្លះមានផ្ទៃដីអំណោយផលល្អសម្រាប់ដាំដំណាំឈើហូបផ្លែនេះ។

      លោកបន្តថា៖ការហាត់រៀន ដាំដំណាំទុរេននេះ លោកអាចបង្ហាត់បង្រៀនបានទៅកសិករផ្សេងៗទៀត  ឱ្យតែបងប្អូនមកដល់ចម្ការដាំទុរេននេះ លោកនឹងបង្រៀនដោយមិនយកប្រាក់ពីកសិករឡើយ។

         លោកទំ.នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត  បានគាំទ្រដល់យន្តការនេះ ព្រោះនេះក៏ជាផែនការអភិវឌ្ឍវិស័យកសិកម្ម ដែលមន្ទីរកំពុងតែជំរុញប្រជាកសិករឱ្យផ្លាស់ប្ដូរផ្ទៃដីនៃការដាំដំដំណាំផ្សេងៗ និងកុំចោលដីឱ្យនៅទំនេរ ។      

           លោកប្រធានមន្ទីរបន្តថា៖ប្រសិនបើកសិករផលិតបានផលិតផលកសិកម្មច្រើន មន្ទីរនឹងធ្វើពិសោធន៍ពិនិត្យគុណភាពទៅតាមបច្ចេកទេសស្របតាម ស្ដង់ដារ ហើយបង្កើតជាភូមិមួយ មានផលិតផលមួយ  ដើម្បីលើកកម្ពស់ផ្នែកទីផ្សារ មានអតិថិជនគាំទ្រច្រើន ។

           សូមបញ្ចាក់ថា៖ខេត្តស្ទឹងត្រែងមានកសិករជាង៥០គ្រួសារហើយកំពុងដាំដំណាំទុរេន  ហើយអាជ្ញាធរស្រុកនិងមន្ទីរកសិកម្មបានសម្រេចយកចម្ការដាំទុរេនសុខាសេសានធ្វើជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំកសិកម្មទៅកសិករផ្សេងៗទៀត  ដើម្បីរួមគ្នាលើកស្ទួយដល់វិស័យកសិកម្មក្នុងការដាំដំណាំផ្នែកឈើហូបផ្លែឱ្យកាន់តែមានភាពរីកចម្រើននៅឆ្នាំ២០២២នេះ៕

Banner Sidebar 1 – ទឹកលាងដៃ
អត្ថបទដែលជាប់ទាក់ទង