សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និង នីតិរដ្ឋ និងបដិសេធនូវរាល់សកម្មភាពដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីមាគ៌ានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។
ក្នុងពិធីមីទ្ទីងរម្លឹកខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១- ២៨.០៦.២០២២) នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នៅវិមាន៧មករា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមជាអធិបតីរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន និង បណ្ដាអង្គទូតនានា ប្រមទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារាបពាន់នាក់នោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅ លើផ្លូវឆ្ពោះទៅមុខទៀត គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គី ប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស បន្តអភិវឌ្ឍ សេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានានៅក្នុងតំបន់ ជាសង្គមប្រកបដោយភាព សុខដុមរមនា និងសេចក្តី ស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។
សម្ដេចតេជោប្រធានគណបក្សគូសបញ្ជាក់ ទៀតថា គណបក្សប្រជាជនកម្ពុជា និងប្រជា ជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណា ក៏ដោយមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការ ប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក។ គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីមាគ៌ានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរ ជាមួយបណ្ដាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិត ប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព ជាពិសេស បរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ និងបង្កើនជំនឿ ទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន៕