ប្រធានគ្រប់គ្រង Tik Tok៖ ក្រុមហ៊ុនចូលរួមចំណែកតាមរយៈការលើកកម្ពស់គំនិតផ្ដួចផ្ដើមសុវត្ថិភាពឌីជីថល ជាមួយក្រសួងព័ត៌មាន ដើម្បីពង្រឹងសុវត្ថិភាពអ្នកប្រើប្រាស់នៅកម្ពុជា

កញ្ញា Kyu Kyu Thein ប្រធានគ្រប់គ្រងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok, ByteDance PTE. LTD ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានលើកឡើងថា ក្រុមហ៊ុន Tik Tok រីករាយក្នុងការចូលរួមចំណែកតាមរយៈការលើកកម្ពស់គំនិតផ្ដួចផ្ដើមសុវត្ថិភាពឌីជីថល និងកែលម្អកិច្ចសហប្រតិបត្តិការ នាពេលអនាគតជាមួយក្រសួងព័ត៌មានក្នុងការពង្រឹងវេទិកា TikTok ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។ ការលើកឡើងនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន ដោយផ្តោតសំខាន់លើកិច្ច សហការព័ត៌មានបន្ថែមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅលើវេទិកា Tik Tok ។

Banner Sidebar 1 – ទឹកលាងដៃ

កញ្ញា kyu-kuy Thein បានថ្លែងថា ក្រុមហ៊ុន Tik Tok បានមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៧ ហើយមានអ្នកប្រើប្រាស់ច្រើន ដែលតាមរយៈនេះ ក្រុមហ៊ុន បានអនុវត្តន៍យ៉ាងតឹងរឹងចំពោះគោលការណ៍ណែនាំសហគមន៍របស់ Tik Tok និងបានគាំទ្រគំនិតផ្តួចផ្តើមមួយចំនួន។ កញ្ញាបានបន្ដថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុនបានដាក់ឱ្យ ដំណើរការនូវ in-app Digital Literacy Hub នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលនេះត្រូវបានបើក ដំណើរការដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង មជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីធានាសុវត្ថិភាពនៅក្នុងសហគមន៍កម្ពុជា ក៏ដូចជានៅលើវេទិការ Tik Tok ផងដែរ។ កញ្ញា kyu-kuy Thein បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រមហ៊ុន ទទួលបានកិច្ចសហការប្រកបដោយផ្លែផ្កាជាមួយអ្នកពាក់ព័ន្ធពីភាគីរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម។

ទន្ទឹមនេះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងព័ត៌មាន កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ និងការត្រួតពិនិត្យព័ត៌មានមិនពិត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ឯកឧត្តម ងឿនចន្ទ័លីន ប៉ូលែន អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ TikTok នៃក្រសួងព័ត៌មានបានជម្រាបជូនថា សម្រាប់កិច្ចពិភាក្សាការងារផ្តោតលើកិច្ចសហការជាមួយក្រុមហ៊ុន TikTok ជំរុញការផ្សាយទាក់ទងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមបណ្តាញផ្សព្វផ្សាយ TikTok មានការពេញនិយម និងប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់យុវវ័យ ។

ឯកឧត្ដមបានឱ្យដឹងទៀតថា ក្រៅពីការបញ្ជ្រាបឱ្យមានការយល់ដឹងពីបញ្ហាខាងលើ ក៏ធ្វើឱ្យបានយល់ពីព័ត៌មានពិត ហើយរួមគ្នាជាមួយក្រុមហ៊ុន TikTok ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទៅតាមរូបភាពនានា ដើម្បីឱ្យសង្គមមានភាពរីកចម្រើន ធ្វើឱ្យយុវជនបានយល់ពីសិទ្ធិទទួលព័ត៌មាន ក៏ដូចជាសិទ្ធិក្នុងការបញ្ចេញមតិ តែកុំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានគាំទ្រ និងជំរុញឱ្យកិច្ចសហការរវាង គណៈកម្មការ Tik Tok ក្រសួងព័ត៌មាន និងក្រុមហ៊ុន TikTok មានភាពស៊ីជម្រៅ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព្រោះថាកិច្ចការងារនេះមិនមែនជាបញ្ហាតែនៅក្នុងប្រទេសកម្ពុជាតែមួយនោះទេ ជាបញ្ហាសកលលោក ដែលត្រូវគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ៕

ប្រភព៖ ក្រសួងព័ត៍មាន

អត្ថបទដែលជាប់ទាក់ទង