អំពីផ្តាសាយបក្សី តើជំងឺនេះឆ្លងទៅមនុស្សដោយរបៀបណា?
មានករណីជំងឺផ្តាសាយបក្សី H5N1 បានកើតទៅលេីកុមារីម្នាក់ អាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រល័ង ឃុំ រំលេច ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង បណ្តាលឱ្យកុមារីរូបនេះបានស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ តើអ្វីទៅជាជំងឺផ្តាសាយបក្សី H5N1? វីរុសនេះឆ្លងទៅមនុស្សដោយរបៀបណា?
១. អ្វីទៅជាជំងឺផ្តាសាយបក្សី H5N1 ?
វីរុសផ្តាសាយបក្សី H5N1 គឺជាវីរុសគ្រុនផ្តាសាយមួយប្រភេទដែលបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងឆ្លងខ្លាំងនៅក្នុងបក្សី ដែលគេហៅថាជំងឺផ្តាសាយបក្សី នេះបើតាមអង្គការសុខភាពពិភពលោក (WHO)។ ការចម្លងជំងឺគ្រុនផ្តាសាយបក្សីពីមនុស្សម្នាក់ទៅម្នាក់ទៀតជារឿងកម្រ តែប្រសិនបើឆ្លងហើយ អត្រាស្លាប់មានដល់ ៦០% ឯណោះ។
២. វីរុស H5N1 ឆ្លងទៅមនុស្សរបៀបណា?
ការឆ្លងមេរោគ H5N1 លើមនុស្សអាចជាមូលហេតុបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ហើយអត្រាស្លាប់ខ្ពស់។ ប្រសិនបើវីរុសនេះប្រែរូប វាអាចចម្លងយ៉ាងងាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយភាគច្រើននៃការចម្លងនោះ តាមរយៈការប៉ះពាល់ ឬបរិភោគសត្វឈឺ ដែលចម្អិនមិនបានល្អ។
៣. រោគសញ្ញាជំងឺផ្តាសាយបក្សីលើមនុស្ស
– គ្រុនក្តៅ (កម្តៅលើសពី ៣៨អង្សាសេ)
– ក្អក ហៀរសម្បោរ
– ឈឺបំពង់ក
– ឈឺសាច់ដុំ
– ដង្ហក់ ពិបាកដង្ហើម
ឯរោគសញ្ញាដំបូងផ្សេងទៀតមាន
– ឈឺពោះ
– ឈឺទ្រូង
– រាក។
ប្រភព៖ ហេឡូគ្រូពេទ្យ hellokrupet