កម្ពុជា-ចិន នឹងសហការគាំទ្រគ្នា លើវិស័យវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក

កិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ​ឆ្នាំ២០២៤ នៅទីក្រុងឡែបហ្សិក ប្រទេសអាល្លឺម៉ង់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម យ៉ាង លី អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ។

Banner Sidebar 1 – ទឹកលាងដៃ

ក្នុងជំនួបខាងលើ អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការបន្តជួយគាំទ្រកម្ពុជា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍធនធានមនុស្ស។

ជាមួយគ្នានោះ ភាគីទាំងពីរ បានយល់ស្របគ្នាថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក គឺជាកម្លាំងចលករដ៏សំខាន់ក្នុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនចិន នឹងបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីជំរុញឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើន។

សូមបញ្ជាក់ជូនថា ក្នុងជំនួបនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែ​គាំទ្រ​ និង​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា ខណៈដែរមន្ត្រីជាន់ខ្ពស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលចិន និង​ផ្តល់ឱកាសដល់ក្រុមហ៊ុនចិនក្នុងការវិនិយោគលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ព្រមទាំងជួយសម្របសម្រួលដល់អ្នកជំនាញការរបស់ចិន ដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង