បារាំង ផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស សម្រាប់គម្រោងសាងសង់ និងស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា

លោកស្រី ​ម៉ារី ហេលេនល័រហ្សុង គណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានលើកឡើងថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតគឺជាគោលដៅចម្បងមួយរបស់ AFD នៅកម្ពុជា សំដៅលើកកម្ពស់លទ្ធភាពទទួលបាន​សេវាទឹកស្អាត និងអនាម័យ។ ​ក្នុនោះ (AFD) បានផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចាំបាច់សម្រាប់គម្រោងសាងសង់ និងស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមទាំងបណ្តាញចែកចាយ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាដើម។

Banner Sidebar 1 – ទឹកលាងដៃ

ការលើកឡើងរបស់លោកស្រី បានធ្វើឡើងនៅក្នុង​ឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការនានា ពិសេសក្នុងវិស័យទឹកស្អាត ជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។

តាមរយៈជំនួបនោះ លោកស្រី ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការផ្តល់ហិរញ្ញប្បទានបៃតងដែល AFD កំពុងអនុវត្តតាមរយៈក្រុមហ៊ុន Propaco ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដោយសារបញ្ហានៃការប្រែប្រួលអាកាសធាតុ តម្រូវការរក្សាធនធានទឹកគឺជាកត្តាសំខាន់ ហើយកិច្ចសហការលើវិស័យទឹកស្អាតពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ព្រោះវាមិនត្រឹមតែទ្រទ្រង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាការរក្សាប្រព័ន្ធអេកូឡូស៊ី និងការគិតគូដល់បរិស្ថានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យ AFD បន្តជួយពង្រឹងសមត្ថភាពរដ្ឋាករទឹក ដើម្បីឈានដល់ការផ្តល់សេវាគ្រប់ ដណ្តប់ទូទាំងប្រទេស ដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបណ្តារាជធានី-ខេត្ត និងរៀបចំផែនការមេទឹកស្អាតសម្រាប់ខេត្តនីមួយៗ។

តាមប្រភពព័ត៌មានពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ក្នុងរយៈពេលជាង៣ទស្សវត្សរ៍កន្លងមកនេះ AFD បានគាំទ្រកម្ពុជាលើវិស័យជាច្រើន រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការអភិវឌ្ឍប្រកប​ដោយចីរភាពជាដើម៕​ 

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង