ចប់ហើយ ឯកឧត្ដម ស ថាវី ជាអ្នកនៅពីក្រោយការលួចលក់ដីរបស់លោក ភឺន ផល្លា
សមត្ថកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជូនក្រុមជនសង្ស័យចំនួន៣នាក់ទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង ៣នាក់មានឈ្មោះ ប៉ូច ថេន ឈ្មោះ ឡុង ដារ៉ា និង ឈ្មោះ ឡុញ រស់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០២០ ពីបទសង្ស័យជាប់ពាក់ព័ន្ធរឿងលួចលក់ដីលោក ភឺន ផល្លា មានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨កន្លងទៅ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ បានអោយដឹងថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ (22900m2) ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវី អស់ចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យ លោក យិន អ៉ឺម ចៅសង្កាត់សំរោង បួនម៉ឺនដុល្លារអាមេរិក ជាថ្លៃធ្វើឯកសារលក់ដីខាងលើ ហើយនិងចែកបងប្អូនចំពោះខ្លួន គឺ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី ហើយចំពោះប្រាក់ចំនួន ១៥ម៉ឺនដុល្លារនោះ ឈ្មោះ ឡុង ដារ៉ា បានទទួលពីឯកឧត្ដម ស ថាវី និង លោកជំទាវ ឡោក ខេង តាមរយៈមូលប្បទានបត្ររបស់ធនាគារកាណាឌីយ៉ា។
ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចទៀតថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមានលោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុំ ភក្តី ជាអ្នករៀបចំឡើង។
បច្ចុប្បន្នក្រុមជនសង្ស័យទាំងបីនាក់កំពុងស្ថិតក្នុងចំណាត់ការ បើកការស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
មហាជនកំពុងរង់ចាំមេីលថា តេីតុលាការនឹងចាត់ការបែបណាចំពោះ ឯកឧត្ដម ស ថាវី ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងជួររាជរដ្ឋាភិបាល ខណៈជនសង្ស័យឆ្លេីយទម្លាក់កំហុសទៅលេី ឯកឧត្ដម ថាជាអ្នកបញ្ជាអោយពួកគេលួចលក់ដីលោកភឺន ផល្លា ?