លោក អ៊ុក បញ្ញា និង ភរិយា នៅខេត្តកំពត យល់ព្រមប្រគល់ដីជូនលោកថូមវិញ
កំពត ៖ នៅយប់ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅសាលាខេត្តកំពត មានបេីកកិច្ចប្រជុំបន្ទាន់មួយដេីម្បីដោះស្រាយបញ្ចប់ករណីវិវាទរវាងលោកថូម ជនជាតិអាមេរិកាំង និង លោក អ៊ុក បញ្ញា និងភរិយា ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត និង ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងដំណោះស្រាយនេះ លោក អ៊ុក បញ្ញា និង ភរិយា បានយល់ព្រមដោយស្ម័គ្រចិត្ត ផ្ទេរសិទ្ធិដីធ្លីចំនួន ៦ឡូត៍ ស្ថិតនៅស្រុក ទឹកឈូ ខេត្តកំពត ជូនលោកថូម វិញដេីម្បីគ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ ។ លោក អ៊ុក បញ្ញា ក៏បានឯកភាពយល់ព្រមដកពាក្យបណ្ដឹង ឈប់ប្ដឹងផ្ដល់អ្នកបកប្រែរបស់លោកថមចាប់ពីព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ តទៅ ។
បន្ទាប់មកលោកថូម និង លោក អ៊ុក បញ្ញា បានចាប់ដៃគ្នានិងបន្តរាប់អានគ្នាជាធម្មតាដោយគ្មានការគុំគួនអ្វីឡេីយ ។
លោកថូម អាយុ ៧៣ ឆ្នាំ ជនជាតិ អាមេរិកាំង បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានជួយរកយុត្តិធម៌ពិតប្រាកដជូនលោក និងបាន អរគុណ ឯកឧត្ដម ដួង តារា និង ប្រជាពលរដ្ឋកម្ពុជា ដែលបានជួយឈឺឆ្អាលនិងជ្រោមជ្រែងរហូតលោកទទួលបានយុត្តិធម៌ ។