ប្រុងប្រយ័ត្ន! ឥទ្ធិពលព្យុះចំនួន២ នឹងធ្វើឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ខាងមុខនេះ ឥទ្ធិពលព្យុះចំនួន២ នឹងបណ្ដាលឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន។
តាមរយៈការវិវត្ដ និងប្រែប្រួលជាបន្ដបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ជាមួយគ្នានេះ ព្យុះចំនួន២បាននឹងកំពុងកើតមាន ដែលក្នុងនោះព្យុះទី៥ ឈ្មោះ យ៉ាងមី (JANGMI) បច្ចុប្បន្នស្ថិតក្បែរឧបទ្វីបកូរ៉េ នឹងបន្តដំណើរទៅភាគខាងជើង។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ ឈ្មោះ មេខាឡា (MEKKHALA) បាននឹងកំពុងធ្វើដំណើរទៅកាន់ខេត្តណាន់ជីន ប្រទេសចិន។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា បណ្តាខេត្តនានា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ ភ្លៀងនឹងកើនឡើងទាំងបរិមាណ ទាំងភាពសាយភាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមាន ព្រំប្រទល់ជាប់និងវៀតណាមអាចនឹងមានភ្លៀងច្រើន ។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។
៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
– នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។
អាស្រ័យដូចបានជម្រាបខាងលើនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចនៅបន្ដកើតមាន ហើយជាពិសេសនៅតំបន់វាលទំនាបកណ្ដាល៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយផ្ទាល់ខាងក្រោម៖