បញ្ជូនមន្ត្រីនគរបាលស្រុកសំរោងទង ៧ នាក់ និងកាំភ្លើង ២ ដេីម ទៅតុលាការ
កំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ PVNNEWS នៅព្រឹកនេះថា តាមបទបញ្ជា ឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អោយរៀបចំសំណុំរឿងបញ្ជូន អធិការរង និង មន្រ្តី ពាក់ព័ន្ធ ៦ នាក់ទៀត សរុប ៧ នាក់ ទៅតុលាការចាត់ការតាមច្បាប់ ដោយមិនលេីកលែងឡេីយ ។ មន្រ្តីនគរបាលទាំង ៧ នាក់នោះមានឈ្មោះ ៖
១- កង ភារី ម្ចាស់កាំភ្លើង ឡុក
២- កាន់ សៅលី ម្ចាស់កាំភ្លើង ឡុក
៣- ដន សុខុម អ្នកបាញ់
៤- ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់
៥- ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់
៦- នី សុភាក់ អ្នកបាញ់
៧- ព្រីង ឡង់ឌី អ្នកបាញ់
គួរបញ្ជាក់ថា លោក កង ភារី ហៅ អាខ្មៅ និង មន្ត្រីអធិការដ្ឋាន ៦ នាក់ទៀត បានជួបជុំគ្នាផឹកស៉ីនៅសាលាស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៨-១៩ ខែ សីហា ឆ្នាំ ២០២០ ពេលស្រវឹងក៏នាំគ្នាបាញ់បោះសេរីបង្ករការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ ទេីបប្រជាពលរដ្ឋរាយការណ៍ទៅស្នងការដេីម្បីចាត់វិធានការ ។
លោកស្នងការបានបញ្ជាក់ថា អធិការរង កង ភារី ត្រូវបានចាត់តាំងអោយដឹកនាំកម្លាំងត្រៀមអន្តរាគមន៍ការពារសុវត្ថិភាពប្រជាពលរដ្ឋធ្វើដំណើរកំសាន្តក្នុងអំឡុងពេលថ្ងៃឈប់សំរាក ។ ប៉ុន្តែ អធិការរងរូបនេះបែជាមិនអនុវត្តន៍តាមការចាត់តាំងហេីយនាំគ្នាផឹកស៉ីបង្ករបញ្ហាបាញ់បោះសេរី ២ ថ្ងៃជាបន្តបន្ទាប់ ហាក់ដូចជាមិនស្គាល់ពីតួនាទី និង ភារកិច្ចរបស់ខ្លួនដែលជាមន្ត្រីអនុវត្តន៍ច្បាប់ទាល់តែសោះ ។ ហេតុនេះហើយទេីបថ្នាក់លេីសម្រេចកសាងសំណុំរឿងបញ្ជូនមន្ត្រីទាំង ៧ នាក់នេះទៅ តុលាការចាត់ការតាមច្បាប់ ។