សម្តេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស ដួលក្នុងបន្ទប់ទឹកប្រឈួនធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម
(ភ្នំពេញ)៖ សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស កំពុងប្រឈួនធ្ងន់ បន្ទាប់បានពីដួលនៅក្នុងបន្ទប់ទឹក កាលពីម៉ោង៩៖៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០កន្លងទៅ នេះបើយោងតាមលិខិតរបស់សម្តេចសង្ឃ អំ លឹមហេង។
នៅក្នុងលិខិតរបស់សម្តេចសង្ឃ អំ លឹមហេង បានរៀបរាប់ថា បន្ទាប់ពីដួលនៅក្នុងបន្ទប់ទឹក ដោយប៉ះពាល់ព្រះកាយផ្នែកខាងឆ្វេង ធ្វើឱ្យដៃ និងជើងកម្រើកមិនរួច ព្រមទាំងប៉ះពាល់ដល់ព្រះកេស និងមានឈាមកកនៅក្នុងព្រះកេសផងដែរ ត្រូវការការព្យាបាលយ៉ាងលឿនបំផុត នៅមន្ទីរពេទ្យរដ្ឋ ថងញ៉ិត របស់វៀតណាម។
បើតាមព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នផតសិម្ពលី មានសង្ឃដីកានៅរសៀលថ្ងៃនេះឲ្យដឹងថា ដោយមានការសម្របសម្រួលពី អាជ្ញាធរវៀតណាម សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវៀតណាម ហើយនៅពេលនេះ ស្ថានភាពព្រះរោគរបស់សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស មិនទាន់មានអ្វីវិវត្តន៍ថ្មីនោះទេ ដោយក្រុមគ្រូពេទ្យជំនាញរបស់វៀតណាម កំពុងពិនិត្យ និងតាមដានស្ថានភាពផងដែរ៕
ប្រភព៖ Fresh News