ស្ងាត់ៗភិក្ខុឡុង ចន្ថា ដែលមានរឿងអាស្រូវស្រីញី​ប្រកាសថា​ អាចបន្តភេទជាអ្នកបួសទៀតបាន

តាកែវ៖ស្ងាត់ៗ ភិក្ខុ ឡុង ចន្ថា ដែលមានរឿងអាស្រូវស្រីញី លើកឡើងថា អាចបន្តភេទជាអ្នកបួសទៀត បាន ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ ភិក្ខុ ឡុង ចន្ថា សរសេរបង្ហោះនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះ ។ 

Banner Sidebar 1 – ទឹកលាងដៃ

ភិក្ខុ ឡុង ចន្ថា បានសរសេរថា «អាត្មាភាព ភិក្ខុ ឡុង ចន្ថា សូមអរគុណយ៉ាងខ្លាំងបំផុតចំពោះ ញោម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សូមដឹងគុណជានិច្ចគោរពស្រលាញ់គាំទ្រ មិនកែប្រែ ជូនពរសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជានាំមកនៅសុខសន្តិភាព តរៀងទៅ»។

ជាមួយគ្នានេះ ភិក្ខុ ឡុង ចន្ថា សរសេរទៀតថា «សូមអរគុណ ញោមនាយកខុទ្ទកាល័យ ផងដែរ ដែលញោមជួយរកយុត្តិធម៌ សម្រាប់អាត្មាភាព ភិក្ខុ ឡុង ចន្ថា អោយបានគង់នៅបន្តភេទជាអ្នកបួសបន្ត អរគុណញោមខ្លាំងណាស់ សង្ឃឹមថាអ្វីៗ នឹងល្អប្រសើរ» ។

ទោះបីយ៉ាងណា យោងតាមលិខិតរបស់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ គ្រាន់តែបញ្ជូនដីកា នេះ ទៅក្រសួងធម្មការនិងសាសនា ដើម្បី «ពិនិត្យករណីនេះតាមការគួរប៉ុណ្ណោះ» ពោលគឺ មិនមែនជាការសម្រេច ថា អនុញ្ញាតអោយ ភិក្ខុ ឡុង ចន្ថា អាចបន្តភេទជាអ្នកបួស បានទៀត នោះទេ ។ 

បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋ លើកឡើងថា ភិក្ខុ ឡុង ចន្ថា កំពុងបំភ័ន្តភ្នែក មហាជន ថា ខ្លួនអាចបន្តនៅជាភេទអ្នកបួស ទៀតបាន ។

គួររំលឹកថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសម្រេចមិនអោយ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ស្ថិតនៅក្នុងភេទជាបុព្វជិត ក្នុងសាសនាបន្តទៀតបានឡើយ ។

សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ថា «សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះ អោយស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។ ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអោយលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ»។

គណៈសង្ឃនាយក បានឃើញថា ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ ។

ភិក្ខុ ឡុង ចន្ថា ជាបុគ្គលមិនលុះក្នុងធម៌វិន័យ និង ការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និង ជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចអោយស្ថិតនៅក្នុងភេទជាបុព្វជិតក្នុងសាសនាបន្តទៀតបានឡើយ ៕​

អត្ថបទដែលជាប់ទាក់ទង