ករណីឃាតកម្មគិតទុកជាមុននគរបាលខេត្តព្រះសីហនុស្រាវជ្រាវបង្ក្រាបបានហេីយ
ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ថៃ រ៉េត (ហៅគុន) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពីបទឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥.០៨.២០២០ វេលាម៉ោងប្រហែល២១:០០នាទី ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅលើជនរងគ្រោះឈ្មោះទូច ចក់ អាយុ៣១ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតភូមិចំការខ្នុរ ឃុំកែវផុស ស្រុកស្ទឹងហាវ បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
បេីតាមលោកស្នងការបានបញ្ជាក់អោយដឹងថា ជនសង្ស័យបានឆ្លើយថាខ្លួនខឹងនឹងជនរងគ្រោះដែលបានជេរម៉ែជាយូមកហើយ រហូតនៅថ្ងៃទី១៥.០៨.២០២០ ទើបខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ បន្ទាប់មកបានដើរតាមពីក្រោយជនរងគ្រោះ ហើយមានឱកាសក៏យកដៃគ្រៀកកជនរងគ្រោះពីក្រោយជាប់ ហើយយកខ្សែក្រវ៉ាត់រឹតកជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។
បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមច្បាប់ដែលខ្លួនបានប្រព្រឹត្ត ៕