ចាប់ខ្លួនអតីតអ្នកកាសែតម្នាក់ ពាក់ព័ន្ធ គ្រឿងញៀន
កោះកុង ៖ សេចក្ដីរាយការណ៍ពីខេត្តកោះកុង បានអោយដឹងថានៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២០ កម្លាំងប៉ុស្តិ៍នគរបាលទាំង៣, ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ភូមិន្ទ នុងដោយមានការសម្រប សម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្ទះជួល មួយកន្លែងស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ប្រុស និង ដកហូតវត្ថុតាងមួយចំនួនដូចខាងក្រោម៖
-ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង
-ម៉ូតូ២គ្រឿង (សង ១គ្រឿង, វេវ ១គ្រឿង)
-ឧបករណ៍សម្រាប់ជក់ថ្នាំញៀន និង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
១-ជនសង្ស័យឈ្មោះ ផាន ចាន់ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ មានលំនៅទីភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
២-ជនសង្ស័យឈ្មោះ សួន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រោយមកសមត្ថកិច្ចបានបន្ដធ្វើការឆែកឆេរផ្ទះមួយកន្លែងទៀតនៅចំណុចភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ទៀត ឈ្មោះ មាស ព្រឹក ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និង ដកហូតបានវត្ថុតាងមួយចំនួនដូចខាងក្រោម៖
-ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់
-ម៉ូតូ២គ្រឿង (FZ ១គ្រឿង, Zoomer ១គ្រឿង)
-ឧបករណ៍សម្រាប់ជក់ថ្នាំញៀន និង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
- ប័ណ្ណព័ត៌មាន APSA NEWS និង ខ្មែរម្ចាស់ស្រុក តែប័ណ្ណទាំងពីរនេះ អស់សុពលភាព ប្រើប្រាស់ហើយ។
ករណីនេះសមត្ថកិច្ច កំពុងបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តរតាមនីតិវិធីច្បាប់។