កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ ហើយតំបន់ចំនួន២ ត្រូវប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់
ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ។
ការតាមដាននៃការវិវត្ដ និងប្រែប្រួលជាបន្ដបន្ទាប់នៃស្ថានភាពអាកាសធាតុ គេសង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
ចាប់ពីថ្ងៃទី ២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមាន ភ្លៀងធ្លាក់តិច។ បន្ទាប់ពីនោះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច។
២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម។
៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C។
នឹងអាចមានភ្លៀងធ្លាក់តិច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ដស្ថិតនៅតំបន់វាលទំនាបភាគកណ្ដាល និងភាគពាយ័ព្យ៕
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖