ទីបំផុតចៅក្រមចេញដីកាឃុំខ្លួនមន្ត្រីនគរបាលទាំង ៧ នាក់
កំពង់ស្ពឺ ៖ ប្រភពពីសាលាដំបូងខេត្តកំពង់ស្ពឺ បានអោយដឹងនៅព្រលប់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ នេះ ថា បន្ទាប់ពីសាកសួររួច លោកស្រី ទិត្យ ដាលីន ចៅក្រម អមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាឃុំខ្លួន មន្ត្រីនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន ។ មន្រ្តីនគរបាលទាំង ៧ នាក់ ដែលត្រូវជាប់ឃុំនោះមានឈ្មោះ ៖
១- កង ភារី អធិការរង ម្ចាស់កាំភ្លើង ឡុក
២- កាន់ សៅលី ម្ចាស់កាំភ្លើង ឡុក
៣- ដន សុខុម អ្នកបាញ់
៤- ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់
៥- ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់
៦- នី សុភាក់ អ្នកបាញ់
៧- ព្រីង ឡង់ឌី អ្នកបាញ់
គួរបញ្ជាក់ថា លោក កង ភារី ហៅ អាខ្មៅ និង មន្ត្រីអធិការដ្ឋាន ៦ នាក់ទៀត បានជួបជុំគ្នាផឹកស៉ីនៅសាលាស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៨-១៩ ខែ សីហា ឆ្នាំ ២០២០ ពេលស្រវឹងក៏នាំគ្នាបាញ់បោះសេរីបង្ករការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ ទេីបប្រជាពលរដ្ឋរាយការណ៍ទៅស្នងការដេីម្បីចាត់វិធានការ ។
បន្ទាប់ពីមានហេតុការណ៍បាញ់បោះសេរីជាបន្តបន្ទាប់មក ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាអោយស្នងការនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមន្ត្រីនគរបាលទាំង ៧ នាក់ នេះទៅ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមផ្លូវច្បាប់ ។