ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យកន្លែងអភិរក្សសត្វស្លាប នៅទួលព័ន្ធតាឡី ក្នុងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ  ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យទីតាំងអភិរក្ស និងទស្សនាសត្វស្លាបនៅទួលព័ន្ធតាឡី តំបន់បឹងស្នេហ៍ ក្នុងភូមិសាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយតំណាងរដ្ឋបាលខេត្ត អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ តំបន់បឹងស្នេហ៍ ដែលមានសក្តានុពលធម្មជាតិ ជាពិសេសសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទជិតផុតពូជនៅលើពិភពលោក កំពុងស្នាក់នៅ នៅតាមព្រៃលិចទឹក ព្រៃល្បោះនិងទទួលបានការថែទាំឃ្លាំមើលពីប្រជាសហគមន៍នៅក្នុងមូលដ្ឋាន។ 

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ដំណោះស្រាយអភិវឌ្ឍន៍តំបន់បឹងស្នេហ៍នេះ ជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ  ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តរភាពនូវធនធានតំបន់ដីសើមនេះ។

សូមបញ្ចាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងភូមិសាស្រ្តតំបន់ទួលពាន់តាឡី តំណាងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានបង្ហាញអំពីវឌ្ឍនភាពនៃការដាក់តំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី និងចូលរួមក្នុងការអភិរក្សជាតំបន់ការពារធម្មជាតិ ។  

តំបន់ដីសើមបឹងស្នេហ៍មានអន្លង់ត្រីចំនួន៩កន្លែង ដែលជាជម្រកពងកូន រស់នៅ និងធំធាត់ និងមានសហគមន៍ចំនួន៤ពីភូមិជុំវិញកំពុងដំណើរការ ហើយតំបន់នេះមានវត្តមានសត្វស្លាបចំនួន៤៩ប្រភេទរួមទាំងប្រភេទសត្វស្លាបទេសន្តរប្រវេសន៍មួយចំនួន និងសត្វស្លាបសំខាន់ៗចំនួន៦ប្រភេទ ដែលជាប្រភេទទទួលរងការគំរាមកំហែង និងជិតផុតពូជលើពិភពលោកដូចជា ត្រដក់តូច រនាលពណ៍ ទុងប្រផេះ ត្រយងខ្លួនស ស្មោញ និងប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាលនៅចំណុចទួលព័ន្ធតាឡី។ ដោយផ្អែកលើវត្តមានប្រភេទសត្វសំខាន់ៗ ទីជម្រកបន្តពូជពងកូន និងធនធានដែលគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន គឺបានឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យនៃការដាក់តំបន់ដីសើមបឹងស្នេហ៍នេះទៅជាតំបន់ការពារធម្មជាតិ។

អត្ថបទដែលជាប់ទាក់ទង