ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយសៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ
កាលពីថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយសៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។
សំណេរនិងការបោះពុម្ពផ្សាយបែបនេះធ្វើឲ្យអាប់ឱននិងប៉ះពាល់ធ្ងន់ធ្ងរដល់អក្សរខ្មែរដែលមានចំណាស់រាប់ពាន់ឆ្នាំរបស់ជាតិ។
ក្នុងជំនួបដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរផងនោះ លោក លី តារា បានទទួលស្គាល់កំហុសឆ្គងដែលកើតមានដោយអចេតនានិងដោយពុំបានគិតគូរគ្រប់ជ្រុងជ្រោយរបស់លោក។
លោកបានសន្យាថានឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការកែប្រែកុំឲ្យមានកំហុសឆ្គងបែបនេះកើតទៀតនៅពេល អនាគត។