អំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគល់ជូនជនពិការ និងចាស់ជរាមួយគ្រួសាររស់នៅក្នុងខេត្តតាកែវ
នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន នាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកពូ ប្រាក់ សារឿន អាយុ៦២ឆ្នាំ។ លោកពូ ពិការជេីងដោយសារធ្លាក់ពីលេីចុងត្នោតកាលពីឆ្នាំ១៩៧៩ គ្រាដែលប្រទេសកម្ពុជា ទើបតែរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គ្មានពេទ្យ គ្មានថ្នាំព្យាបាល ធ្វើឱ្យជំងឺលោកពូបន្តរាំរ៉ៃរយៈ ពេល ៤០ឆ្នាំ មកដល់បច្ចុប្បន្នក៏មិនអាចព្យាបាលបានដោយសារអវៈយវៈមួយកំណាត់ក្រោមបានខូចកំរើកមិន កើត។
លោកពូរស់នៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ មានបងប្អូនចំនួន០៦នាក់មាន គ្រួសារ២នាក់ ស្លាប់១នាក់ ១នាក់ចេញទៅធ្វើការនៅខេត្តផ្សេង ១នាក់ពិការជើងម្ខាង និងម្តាយចាស់ជរាអាយុ ៨៥ឆ្នាំរស់នៅជាមួយគ្នា។
អំណោយដែលបានផ្តល់ជូនរួមមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល,គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ និងបានសម្រេចអោយសាងសង់ផ្ទះទេវតាជូន១ខ្នងជាអំណោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជំនួសផ្ទះចាស់ដែលមាន សភាពទ្រុឌទ្រោម ធ្លុះធ្លាយជូនគ្រួសារលោកពូដើម្បីសម្រាលទុក្ខលំបាកមួយចំនួនធំ។
ក្នុងឱកាសនោះលោកពូ មានអារម្មណ៍រំភើបត្រេកអរ ឥតឧបមា ហើយបានថ្លែងអំណរគុណដល់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ទាំងទឹកមុខ ពោរពេញដោយ ក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោកទាំងពីរតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ សូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌។