កូនអ្នកមាន និង កូនអ្នកធំ បេីកឡានកាច់កុងគ្នា បាញ់ ផ្អេីលទាំងយប់
ភ្នំពេញ៖ ករណីកូនលោកធំម្នាក់ជិះឡានស៊េរីទំនើប ហើយកាច់កុងដាក់គ្នាជាមួយឡានកូនអ្នកមាន បានបង្កជាហិង្សាវាយតបគ្នារបួសស្នាមរហូតឈានរហូតដល់ការផ្ទុះអាវុធ ផ្អើលដល់អ្នកធ្វើដំណើររត់ចែកជើងគ្នានៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២៧៦ ស្ថិតក្នុងខណ្ឌ បឹងកេងកង ដែលអ្នកបង្កត្រូវគេដឹងថា ជាកូនប្រុសរបស់លោកធំ។
សេចក្ដី រាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក ម៉ាស្តារពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AA-5551 បើកបរដោយយុវជនជាកូនអ្នកមានមួយក្រុមបានមកឈប់នៅមុខឃ្លាំងមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២៧៦ខាងលើ។បន្ទាប់ មកស្រាប់តែមានរថយន្តម៉ាក រេងរ៉ូវើ ពណ៌ខ្មៅ ពាក់ ស្លាក លេខ 2Y-7667 ភ្នំពេញ ដែល មានអ្នកធ្វើដំណើរនៅក្នុងរថយន្តនោះមានស្រីមានប្រុស មកឈប់ក្បែររថយន្ត ម៉ាស្តារដាខាងលើ ហើយបុរសម្នាក់បានទៅគោះកញ្ចក់ទ្វាររថយន្តម៉ាស្តារដា។ បន្ទាប់ពីទាស់សម្តីគ្នា (សង្ស័យជិះឡានឌឺដងដាក់គ្នា) ស្រាប់តែមានបក្ខពួកខាងរថយន្ត ម៉ាស្តារដា ប្រមាណជាង១០នាក់ បានមកវាយបុរសម្នាក់ដែលចុះមកពីរថយន្ត រេងរ៉ូវើ បណ្តាល បែកក្បាលរងរបួសយ៉ាងដំណំ ទើបបុរសម្ចាស់ឡាន រេងរ៉ូវើ ពណ៌ខ្មៅ 2Y-7667 បាននិយាយថា ភាគីខាងឡាន ម៉ាស្តារពណ៌ក្រហម ស្លាកលេខភ្នំពេញ 2AA-5551 បានបង្កការផ្ទុះកាំភ្លើង ចំនួន៣គ្រាប់បាញ់គំរាមគាត់។ ចំណែកឯបក្ខពួក២នាក់ខាងរថយន្ត ម៉ាស្តារដា ពេលនោះបានជិះមកដល់ចំណុច ១៦៣
កែង ៣១០ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតធ្វើការឃាត់ខ្លួនបានតែម្តង។
ក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកអធិការនគរបាលខណ្ឌ បាននាំខ្លួនភាគីទាំងសងខាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ។
ករណីនេះ រហូតមកដល់រសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០២០ អត្តញាណ្ណជនបង្ក និងអ្នកពាក់ព័ន្ធមិនត្រូវបានគេដឹងឈ្មោះ និងទីលំនៅនោះទេ ដោយគ្មានតែគេដឹងថា ភាគីខាងឡានបង្កម៉ាក ម៉ាស្តារពណ៌ក្រហមស្លាកលេខភ្នំពេញ 2AA-5551 ជាកូនលោកធំមានអំណាចខ្លាំងម្នាក់នៅក្រសួងមហាផ្ទៃ។
ទាក់ទងព័ត៌មាននេះ លោកស៊ីម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បាន និយាយប្រាប់ អ្នកសារព័ត៌មាន ថា ពួកគេត្រូវបានដោះលែងអស់ហើយ ដោយពួកគេមិនបានប្ដឹងរករឿងគ្នាទេ។ ហើយលោកអធិការបានបន្ថែមថា គ្មានអ្នកបាញ់បោះសេរី ដូចក្រុមអ្នកកាសែតបានថតឡាយផ្ទាល់នោះឡើយ។ សម្រាប់មហាជន ចង់ឃើញថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តាំងតាំងមន្ត្រីជំនិត ចុះអង្កេតរឿងនេះ ដើម្បីកុំអោយកូនលោកធំប្រព្រិត្តិខុសច្បាប់រួចខ្លួន។ ចំណែកកូនអ្នកតូច ឬអ្នកកូនអ្នកក្រីក្រ ខុសដេកគុក ក្លាយជារឿងអយុត្តិធម៏ ក្នុងសង្គមខ្មែរនោះឡើយ៕