លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចាត់ទុកការស្រាវជ្រាវ និងចងក្រងឯកសាររបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណ គឺជាការអភិរក្សកេរ្តិ៍ដំណែលសិល្បៈដ៏ពិសិដ្ឋដែលដូនតាខ្មែរយើងបានបន្សល់ទុកឱ្យកូនចៅគ្រប់ជំនាន់ និងមនុស្សជាតិ
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមស្រាវជ្រាវនិងចងក្រងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ កាលពីព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ការចងក្រងឯកសាររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ គឺជាការអភិរក្ស និងរួមគ្នាថែរក្សាកេរ្តិ៍ដំណែលដ៏ពិសិដ្ឋរបស់ដូនតាខ្មែរយើងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងអស់ តាំងតែពីសម័យបុព្វកាលរហូតមកដល់បច្ចុប្បន្ន និងគ្រប់ជំនាន់ ។ លោកជំទាវបន្តថា ស្នាដៃសិល្បៈដ៏ពិសិដ្ឋមួយនេះ បានបញ្ជាក់យ៉ាងជាក់ច្បាស់ នូវការច្នៃប្រឌិត និងវិចិត្រកម្មដ៏ខ្ពង់ខ្ពស់អស្ចារ្យប្រកបដោយការប៉ិនប្រសព្វ ភាពវៃឆ្លាត ការតស៊ូប្រឹងប្រែង ភាពរុងរឿងជឿនលឿន និងសេចក្តីថ្លៃថ្នូរ របស់ពូជសាសន៍ខ្មែរ។
ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលារចនា ដោយមានការចូលរួមពីសិល្បករ សិល្បការិនី បីជំនាន់ និងអ្នកជំនាន់ក្រោយប្រមាណ១៥០នាក់ ។ ជាមួយគ្នានេះក៏មានការសម្តែងរបាំព្រះរាជទ្រព្យ និងមានការបង្ហាញក្បាច់ក្បួនដែលក្រុមស្រាវជ្រាវបានសរសេរចងក្រងឯកសារជាសំណេរទុកសម្រាប់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយយកទៅសិក្សាដូចជា៖
១.ក្បាច់ពត់ដៃ ពត់ជើងរបស់តួនាង តួនាយរោង តួយក្ស និងតួស្វា
២.ក្បាច់បាតខ្លីរបស់តួនាង តួនាយរោង តួយក្ស និងស្វា
៣.ចងក្រងក្រាំងភ្លេង និងចម្រៀងរបាំព្រះរាជទ្រព្យ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវិស័យវប្បធម៌ ដោយបានកំណត់យកថ្ងៃទី ០៣ ខែមីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ និងសំណេះសំណាលជាមួយសិល្បៈករ ក៏ដូចជាលោកគ្រូ អ្នកគ្រួនៃវស័យសិល្បៈ ក្នុងន័យ ជួយផ្សព្វផ្សាយ ជួយការការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផ្ទេរមរតកដ៏មានតម្លៃនេះដល់យុវជនជំនាន់ក្រោយៗទៀត ។
ទន្ទឹមនឹងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានរំលឹកថា នៅក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា របាំព្រះរាជទ្រព្យជាមរតកដូនតាមិនត្រូវទុកឲ្យអាប់ឱននោះទេ ។ តាមរយៈនេះ លោកជំទាវ ម៉ែន សំអន បានកោតសរសើរក្រុមស្រាវជ្រាវ និងចងក្រង ជាសំណេរអំពីរបាំព្រះរាជទ្រព្យដែលដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើឲ្យការងារមួយនេះក្លាយជាការងារងារអាទិភាព ក្នុងនយោបាយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ។
ជាមួយគ្នានេះ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា អ្វីៗអាចធ្វើទៅបាននាពេលនេះ គឺដោយសារប្រទេសមានសុខសន្តិភាព ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខុដុមរមនាក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ដូចដែលយើងធ្លាប់បានឆ្លងកាត់អតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹត ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ក្នុងរបប ប៉ុល ពត ដែលបានធ្វើប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរស្ទឺរ ទាំងស្រុង ក្នុងនោះវិស័យវប្បធម៌ និងសិល្បៈក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ប៉ុន្តែដោយសារគុណបុណ្យរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសម្តេចទាំងបីគឺ សម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឥស្សរជនផ្សេងទៀតបានក្រោកឈរឡើងតស៊ូ និងបូជានូវអ្វីៗគ្រប់បែបបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងសាសនា ឱ្យរួចផុតពីរបបខ្មៅងងឹតនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ អ្វីៗគ្រប់យ៉ាងត្រូវបានរស់ឡើងវិញ សិល្បៈ វប្បធម៌ របាំទាំងសម័យ និងបុរាណគ្រប់ទម្រង់ទាំងអស់ក៏បានរស់រានឡើងវិញផងដែរ ។
គួររំលឹកថា ៖ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌ អរូបីយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ២០០៣ តាមរយៈគុណតម្លៃយ៉ាងខ្ពង់ខ្ពស់លើផ្នែកឆ្នៃប្រឌិតដ៏ល្អឯក និងនៅលើផ្នែកអប់រំ (ទាំងផ្លូវចិត្តនិងផ្លូវកាយផងដែរ)។ ទម្រង់របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរមានចែកជាពីរផ្នែកធំៗគឺ របាំ (ដូចជារបាំអប្សរា ទេពមនោរម្យ) និងរបាំរឿង (របាំព្រះថោង នាងនាគ)។ នៅក្នុងនោះមានតួរសំខាន់ៗ ចំនួន ៤ ដែលរួមមាន៖ តួនាង (តួស្រី) តួនាយរោង (តួប្រុស) តួយក្ស និងតួអង្គស្វា (តួសត្វ)។ ទម្រង់នេះសម្ដែងដោយសិល្បៈការិនីទាំងអស់លើកលែងតែតួស្វា។