លោក​តា​ អ៉ិន​ ឆេង​ អាយុ​ ៨៥​ ឆ្នាំ​ ទទួលបាន​ចម្លើយ​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ខ្លះហេីយ​ បន្ទាប់​ពី​បាត់​ដំណឹង​ជាង​ ២​ ឆ្នាំ​

លោក​តា​ អ៉ិន​ ឆេង​ អាយុ​ ៨៥​ ឆ្នាំ​ ជាប្រជាពលរដ្ឋរស់នៅ​ភូមិ​ ស្លាបតាអោន​ ឃុំ​ គគីរ​ ស្រុក​ កៀនស្វាយ​ ខេត្ត​ កណ្ដាល​ ។  ក្រោយថ្ងៃ​រំដោះ​ ៧​ មករា​ ១៩៧៩​ លោកតា​ អ៉ិន​ ឆេង​ និង​ ក្រុម​គ្រួសារ​ បានមករស់នៅ​លេីផ្ទះ​ និង​ ដី​ ទំហំ​ ១៤​ ម៉ែត្រ​ គុណ​នឹង​ ១៧០​ ម៉ែត្រ​ មានទី​តាំងជាប់ផ្លូវលេខ​ ១​ ភូមិ​ ស្លាបតាអោន​ ឃុំ​ គគីរ​ ស្រុក​ កៀនស្វាយ​ ខេត្ត​ កណ្ដាល​ ។

Banner Sidebar 1 – ទឹកលាងដៃ

 

លុះដល់ឆ្នាំ​ ១៩៨១​ លោកតា​ ចាន់​ ប៉ិច​ មេភូមិ​ ស្លាបតាអោន​ បានមកសុំខ្ចី​ផ្ទះ​លោកតា​ អ៉ិន​ ឆេង​ ធ្វើ​ជា​ទីស្នាក់ការ​ភូមិ​ ។  ក្នុងចន្លោះពេល​ដែល​ លោកតា​ ចាន់​ ប៉ិច​ ខ្ចី​ផ្ទះ​លោកតា​ អ៉ិន​ ឆេង​ ធ្វើ​ជា​ទីស្នាក់ការ​ភូមិ​ លោកតា​ អ៉ិន​ ឆេង​ និង​ ក្រុម​គ្រួសារ​ ក៏នៅលេីផ្ទះដដែលនេះដែរ​ ។  នៅឆ្នាំ​ ១៩៩០​ លោកតា​ អ៉ិន​ ឆេង​ បានធ្វើ​ពាក្យ​សុំកាន់កាប់​ដោយមាន​បង្កាន់ដៃទទួលស្គាល់​ដោយ​កសិកម្ម​ស្រុក​ លេខ​ ១៧៤៤៦​ ចុះថ្ងៃទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ១៩៩០​ ។  

លុះដល់ឆ្នាំ​ ១៩៩៨​ ភូមិ​បានរេីទីស្នាក់ចេញ​ពីផ្ទះ​លោកតា​ អ៉ិន​ ឆេង​ ទៅនៅ​ទីតាំង​ផ្សេង​ ។  លោក​តា​ អ៉ិន​ ឆេង​ និង​ ក្រុម​ គ្រួសារ​ នៅតែបន្តរស់នៅ​លេីផ្ទះ​ និង​ ដី​ របស់​គាត់​រហូត​មក​ដល់​បច្ចុប្បន្ន​ ។  

ការរស់នៅ​ កាន់កាប់​ ប្រេីប្រាស់​ ដីធ្លី​ ផ្ទះ​សំបែង​របស់​គាត់​នៅ​ភូមិ​ ស្លាបតាអោន​ ឃុំ​ គគីរ​ ស្រុក​ កៀនស្វាយ​ ខេត្ត​ កណ្ដាល​ តាំងពី​ ១៩៧៩​ រហូតដល់​ឆ្នាំ​ ២០១៧​ មិនដែល​មាន​បុគ្គល​ណា​មករករឿងឡេីយ​ ។  លុះពេល​ លោកតា​ ដាក់ពាក្យ​ស្នេីសុំ​ធ្វេីបណ្ណកម្មសិទ្ធិ​ ស្រាប់​តែ​មាន​មន្ត្រី​ភូមិ​ ឃុំ​ បច្ចុប្បន្ន​ ទាមទារ​អោយ​លោក​តា​ លក់ដី​ និង​ ផ្ទះ​ យកលុយចែកគ្នា​ ។  ប៉ុន្តែ​ លោកតា​ អ៉ិន​ ឆេង​ មិនព្រម​ ស្រាប់​តែ​មន្ត្រី​ភូមិ​ឃុំ​ ឃុបឃិត​យកដី​ និង​ ផ្ទះរបស់​លោក​តា​ អ៉ិន​ ឆេង​ ដាក់​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​តែម្ដង​ ​ ។  

ដោយមេីលឃេីញ​នូវអំពេី​អយុត្តិធម៌​បែបនេះ​  នៅ​ថ្ងៃទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៧​ លោកតា​ អ៉ិន​ ឆេង​ បាន​ធ្វើ​ពាក្យសុំអន្តរាគមន៍​គោរព​ចូលទៅ​ ឯកឧត្តម​អភិបាល​ខេត្ត​កណ្ដាល​ ដេីម្បី​បានចុះបញ្ជីដីធ្លីធ្វេីបណ្ណកម្មសិទ្ធិស្របច្បាប់​ ។  

នៅថ្ងៃទី​ ២៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ឯកឧត្ដម​ អភិបាល​ ខេត្ត​ កណ្ដាល​ បាន​ធ្វើ​លិខិត​សុំអន្តរាគមន៍ទៅ​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ ដេីម្បី​គោរព​សុំគោលការណ៍ពី​សម្ដេចក្រឡាហោម​ ស​ ខេង​ កាត់​ចេញពី​បញ្ជីសារពេីភ័ណ្ឌ​ ប្រគល់​ជូន​លោកតា​ អ៉ិន​ ឆេង​ វិញ​ ។  

ចាប់​តាំង​ពី​លិខិត​របស់​ឯកឧត្តម​អភិបាល​ខេត្ត​កណ្ដាល​ ដាក់​ចូល​ទៅដល់ក្រសួងមហាផ្ទៃ​នៅថ្ងៃទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ លោកតា​ អ៉ិន​ ឆេង​ បានរង់ចាំដំណឹងរហូត​ តែ​មិនទាន់​បាន​លទ្ធផល​អ្វី​ទេបេីគិតមកត្រឹមថ្ងៃទី​ ៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ នេះ​ ។  

ក្រៅពីការបញ្ជាក់​អះអាង​ពី​លោកតា​ អ៉ិន​ ឆេង​ ថា​ ផ្ទះ​ និងដី​ ដែល​មាន​ទំហំ​ ១៤​ ម៉ែត្រ​ គុណ​នឹង​ ១៧០ម៉ែត្រ​ មានទីតាំង​ស្ថិតនៅ​ជាប់​ផ្លូវ​លេខ​ ១​ ភូមិ​ ស្លាបតាអោន​ ឃុំ​ គគីរ​ ស្រុក​ កៀនស្វាយ​ ខេត្ត​ កណ្ដាល​ លោកតា​ មាន​បង្កាន់​ដៃ​កាន់កាប់​ត្រឹមត្រូវ​ទទួល​ស្គាល់​ដោយ​ការិយាល័យ​កសិកម្ម​ស្រុក​ ចុះថ្ងៃទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ១៩៩០​ ទៀតផង​ ។  លេីសពីការបញ្ជាក់​អះអាង​ និង​ បង្កាន់​ដៃ​កាន់កាប់​ត្រឹមត្រូវ​នេះ​ លោកតា​ ចាន់​ ប៉ិច​ អតីតមេភូមិ​ ស្លាបតាអោន​ ជាសាក្សី​រស់​ ដែល​ជា​អ្នកមកខ្ចី​ផ្ទះ​ លោកតា​ អ៉ិន​ ឆេង​ ធ្វើ​ជា​ទីស្នាក់ការ​ភូមិ​ ក៏បាន​ធ្វើ​លិខិត​បញ្ជាក់​ការពិត​ផងដែរ​ ហេីយ​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ ចាស់ៗ​ដែល​រស់​នៅ​ភូមិ​ ស្លាបតាអោន​ ឃុំ​ គគីរ​ ស្រុក​ កៀនស្វាយ​ ជិតផ្ទះ​លោកតា​ អ៉ិន​ ឆេង​ តាំងពី​ឆ្នាំ​ ១៩៧៩​ មក​ សុទ្ធ​តែ​បាន​ផ្ដិត​មេដៃ​បញ្ជាក់​អះអាង​បន្ថែម​ថា​ ផ្ទះ​ និងដី​ ទំហំ​ ១៤ម៉ែត្រ​គុណ​នឹង​ ១៧០​ ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ ស្លាបតាអោន​ ឃុំ​ គគីរ​ ស្រុក​ កៀនស្វាយ​ ខេត្ត​ កណ្ដាល​ ពិតជារបស់​លោកតា​ អ៉ិន​ ឆេង​ ប្រាកដ​មែន​ ។ 

កន្លង​មក​ មាន​មន្ត្រី​មួយ​ចំនួន​បានចុះ​ទៅ​ស៊េីបអង្កេត​ស្រាវជ្រាវ​ករណី​នេះ​ផងដែរ​ ប៉ុន្តែ​ មន្ត្រី​ទាំងនោះ​ មិនបានសាកសួរ​ម្ចាស់​ដី​ មិនបានសាកសួរសាក្សី​រស់​នៅ​ជុំវិញ​ផ្ទះ​លោកតា​ អ៉ិន​ ឆេង​ ទេ​ គឺ​ទៅ​ជួបតែមេភូមិ​ មេឃុំ​ យករបាយការណ៍ត្រលប់មកវិញតែម្ដង​ ។  

តេីការរៀបរាប់​ព័ត៌មាន​ត្រួសៗ​ខាងលេីរបស់​លោក​ ផែង​ វណ្ណៈ​ គ្មានមូលដ្ឋាន​ត្រឹមត្រូវ​ឬ​ ?  តេី​របាយការណ៍​ ដែល​អស់​លោកអះអាង​ថា​ មាន​មូល​ដ្ឋាន​ត្រឹមត្រូវ​ជាអ្វី​ ?  ហេីយលទ្ធផលចុងក្រោយមានបែបណាចំពោះ​លោកតា​ អ៉ិន​ ឆេង​ ដែល​ជា​ម្ចាស់​ផ្ទះ​និង​ដី​ស្របច្បាប់​ ?  

បេីមន្ត្រី​ដែល​មាន​ភារកិច្ច​ចុះស៊េីបអង្កេតស្រាវជ្រាវ​ គ្មានចិត្តស្មោះត្រង់​ និងយកតែ​របាយការណ៍​ភូតកុហក​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ ថ្នាក់ដឹកនាំ​មិនអាចសម្រេចចិត្ត​ប្រកបដោយ​យុត្តិធម៌​ត្រឹមត្រូវ​នោះទេ​ ។


ដូច្នេះ​ក្រុម​ការងារ​ស៊េីបអង្កេត​ស្រាវជ្រាវ​ គួរតែ​អញ្ជើញ​ លោកតា​ អ៉ិន​ ឆេង​ លោកតា​ ចាន់​ ប៉ិច​ និង​ ប្រជាពលរដ្ឋ​ ចាស់​ៗ​ នៅ​ភូមិ​ ឃុំ​ ខាងលេីទៅ​សាកសួរ​នៅ​ក្រសួងមហាផ្ទៃ​ នឹងរកការពិតឃេីញជាក់​ជាពុំខាន​ ។  តេី​ករណី​ផ្ទះ​ និង​ ដី​ របស់​លោកតា​ អ៉ិន​ ឆេង​ មានអ្វី​ស្មុគស្មាញ​  បេីមន្ត្រី​ភូមិ​ ឃុំ​ ជាអ្នកឃុបឃិតយកដាក់​ជាសម្បត្តិរដ្ឋនោះ​ ?  

សរុប​សេចក្ដី​មក​ រហូត​មក​ដល់​ពេលនេះ​ លោក​តា​ អ៉ិន​ ឆេង​ មិនទាន់​ទទួលបាន​យុត្តិធម៌ពិតប្រាកដពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​នៅឡេីយទេ​ ។

អត្ថបទដែលជាប់ទាក់ទង