ជនសង្ស័យម្នាក់ដែលបានចាក់ស្រីកំណាន់របស់ខ្លួននឹងត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញៈ ជនសង្ស័យឈ្មោះឯក ឌៀវវន្ថានឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការក្រោយពីគ្រូពេទ្យព្យាបាលរបួសជាសះស្បើយ។
លោក ជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោថ្លែងពីម្សិលមិញថា នេះជាករណីប្រចណ្ឌហើយជនសង្ស័យឈ្មោះ ឯក ឌៀវវន្ថា អាយុ ៤៧ ឆ្នាំរស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រីឯនារីរងគ្រោះដែលស្លាប់ឈ្មោះ វង្ស ម៉ាលីនដា អាយុ ២៧ ឆ្នាំមានស្រុកកំណើតនៅអ្នកលឿងខេត្តព្រៃវែង។
លោកបន្តថា ករណីជនសង្ស័យម្នាក់នេះកម្លាំងសមត្ថកិច្ចរបស់លោកកំពុងតែយាមកាមដើម្បីការពារសុវត្ថិភាពឲ្យជនសង្ស័យ ខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ក្នុងការព្យាបាល។ ចំពោះរបួសរបស់គាត់ដែលគាត់បង្កដោយខ្លួនឯងអារកប៉ុនប៉ងសម្លាប់ខ្លួននោះបានធូរស្បើយខ្លះហើយ ហើយនៅពេលជនសង្ស័យជាសះស្បើយពីរបួស សមត្ថកិច្ចនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ «ប៉ុន្តែសំណុំរឿងរបស់គាត់ ខ្ញុំបានបញ្ជូនដល់អយ្យការហើយ»។
បើតាមមន្ត្រីនគរបាលខណ្ឌដង្កោ សុំមិនបញ្ចេញឈ្មោះមួយរូបប្រាប់ថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០ នៅបុរី លឹម ឈាងហាក់ ដោយមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ និងប្អូនប្រុសរបស់នាងឈ្មោះ វង្ស សរីរតនៈ អាយុ ២៣ ឆ្នាំ បើកម៉ូតូកង់ ៣ ដឹកនារីរងគ្រោះមកប្រមូលអីវ៉ាន់របស់ខ្លួននៅផ្ទះជួលក្នុងបុរី លឹម ឈាងហាក់។
បន្ទាប់ពីនារីរងគ្រោះ រើអីវ៉ាន់ដាក់លើម៉ូតូកង់ ៣ ហើយ ក៏រៀបចំតុដើម្បីជុំគ្នាហូបអាហារជាមួយជនសង្ស័យឈ្មោះ ឯក ឌៀវវន្ថា ដែលពួកគេបានស្រឡាញ់គ្នាប្រមាណជា ១០ ឆ្នាំមកហើយ។ ពេលពួកគេកំពុងហូបអាហារនោះ ស្រាប់តែជនសង្ស័យ និងនារីរងគ្រោះមានទំនាស់គ្នាដែលជនសង្ស័យបានយកកាំបិតចិតបន្លែចាក់នារីរងគ្រោះប្រមាណជាពី ៤ ទៅ ៥ កាំបិតចំដើមទ្រូងរហូតស្លាប់នៅកន្លែងកើតហេតុបន្ទាប់មកជនសង្ស័យបានយកកាំបិតដែលគាត់ចាក់នារីរងគ្រោះនោះទៅអារកប៉ងសម្លាប់ខ្លួនតែមិនស្លាប់។
បើតាមលោក ជីម ស៊ីថា នៅពេលដែលជនសង្ស័យមានជម្លោះហើយចាក់សម្លាប់នារីរងគ្រោះ ហើយអារកសម្លាប់ខ្លួនឯង ប្អូនប្រុសនារីរងគ្រោះក៏បានស្រែកឆោឡោហៅអ្នកជិតខាងឲ្យជួយផងដែរ ប៉ុន្តែជួយមិនទាន់។
ប្រភព៖ www.postkhmer.com