បុរសម្នាក់ជាប់ចោទករណីថៅកែអេតចាយ តែត្រូវដោះលែងវិញ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលត្រូវមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង តាមចាប់ខ្លួនដល់ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី០៧ កញ្ញា ដែលជាប់ចោទរឿងឃាតកម្មថៅកែអេតចាយ ត្រូវបានតុលាការសម្រេចដោះលែងវិញហើយ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញថា បុរសនេះមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ហើយត្រូវបានចាប់ច្រឡំ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសនោះត្រូវបានតុលាការដោះលែងឱ្យត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី០៨ កញ្ញា នេះ ។ បុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា ដែលមានឈ្មោះ ច្រាញ់ អឿម នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ប៉ុន្តែឈ្មោះពិតរបស់ជននេះ គឺ ផាន ផល អាយុ៤៣ឆ្នាំ នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ តែនៅឆ្នាំ២០១២ ជននេះបានគេចទៅរស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅពេលចាប់ខ្លួនបញ្ជូនដល់ស្នងការខេត្ត និងដល់តុលាការបុរសនេះ បានអះអាងថា មូលហេតុដែលខ្លួនរត់ទៅនៅស្រុកវាលវែងដោយសារខ្លួនជំពាក់លុយគេច្រើនពេក តែមិនមែនរត់គេចខ្លួនដោយសារសម្លាប់ថៅកែអេតចាយម្ដាយនិងកូនស្រី កាលពីឆ្នាំ២០១២ នៅក្នុងក្រុងបាត់ដំបងនោះទេ។ ។
ហើយកាន់តែសង្ស័យទ្វេដង ដោយសារតែជននោះ បានសុំអាជ្ញាធរមូលដ្ឋានប្ដូរអាស័យដ្ឋាន សុំប្ដូរឈ្មោះក្នុងសំបុត្រកំណើត។ មន្ត្រីផ្នែកអនុវត្តដីកាបានប្រាប់ពេលចាប់ខ្លួនភ្លាម សមត្ថកិច្ចបានបង្ហាញរូបថតមុខសញ្ញាឃាតករ ដែលពាក់ឯកសណ្ឋានយោធា ហើយសួរថា តើនេះជារូបខ្លួនឯងមែនទេ ? បុរសនេះឆ្លើយយ៉ាងលឿនថា «បាទ.. គឺរូបខ្ញុំ » ។
ប៉ុន្តែនៅពេលសមត្ថកិច្ចអានដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ស្រាប់តែបុរសនេះ បដិសេធភ្លាមៗស្រែកឡាំប៉ាថា«ខ្ញុំមិនបានស្លាប់មនុស្សទេ» តែបែរជាសារភាពពីរឿងដែលខ្លួនធ្លាប់លួចគោគេ កាលពីប៉ុន្មានឆ្នាំនៅឯស្រុកបាណន់ទៅវិញ។ ជននេះបានទ្រហ៊ោយំមិនឈប់ ពេលនាំខ្លួនតាមរថយន្តពីស្រុកវាលវែង មកកាន់ខេត្តបាត់ដំបង។ ពាក់ព័ន្ធនឹងការដោះលែងបុរសនេះឱ្យត្រឡប់ទៅផ្ទះវិញ សមត្ថកិច្ចបាននិយាយថា ដំបូងយើងគិតថា ជននេះអាចជាឃាតកសម្លាប់ថៅកែអេតចាយ ដោយសារតែដំបូងជននេះទទួលស្គាល់រូបថតមុខសញ្ញាជនដៃដល់ថា ជារូបរបស់ខ្លួនកាលធ្វើទាហាននៅកងពលេខ៥២ ។ ប៉ុន្តែនៅពេលនាំមកដល់ស្នងការខេត្ត យើងបាននាំសាក្សីដែលស្គាល់មុខជនដៃដល់ច្បាស់ មកមើលមុខបុរសនេះផ្ទាល់ សាក្សីបានអះអាងថា បុរសនេះ មិនមែនជាជនដៃដល់ដែលសម្លាប់ថៅកែអេតចាយទេ៕
ប្រភព៖តារាញូស៍