នារីវ័យក្មេង ត្រូវតុលាការសម្រេចកាត់ទោស ២០ឆ្នាំពីបទ….
រាជធានីភ្នំពេញ ៖ នារីវ័យ២០ឆ្នាំម្នាក់ត្រូវបាត់បង់អនាគតទាំងវ័យក្មេង ក្រោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រមសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈ ពេល ២០ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូន និងជួញដូរញៀនខុសច្បាប់ ដោយនៅក្នុងសវនាការជនជាប់ចោទបានសារភាពថា នាងស៊ីឈ្នួលដើម្បីបញ្ជូនមកឲ្យម៉ូយដែលចាំទទួលយកនៅទីនោះ ។
គួររម្លឹកថា មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានសារធាតុញៀនជាងកន្លះគីឡូក្រាម។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ស្ដ្រីជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម៕