ក្រសួងអប់រំបន្តពង្រឹងគុណភាពការប្រឡងដើម្បីទទួលបានធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួង មិនបន្ធូរបន្ថយស្តង់ដារប្រឡងទំាងថ្នាក់ទី៩ និងថ្នាក់ទី១២ឡើយ បើទោះបីជាផ្អាកការសិក្សាមួយរយៈពេលក៏ដោយ។ ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ក្រសួងនៅតែអនុវត្តស្តង់ដារ ដែលក្រសួងបានដាក់ចេញដូចបណ្តាឆ្នាំកន្លងទៅដដែល ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពអាចប្រឡងជាប់ ក្រសួងបានផ្តល់ពេលវេលាសិក្សាបន្ថែម និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជ្រើសរើសគ្រូស្ម័គ្រចិត្ត បង្រៀនបន្ថែមម៉ោង ដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនបានល្អ មុនដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
នាពេលបច្ចុប្បន្ននេះ ទាំងសាលារដ្ឋ និងសាលាឯកជនគឺត្រូវបំប៉នការសិក្សាឡើងវិញឱ្យចប់តាមកម្មវិធី ហើយបន្ទាប់ពីចប់កម្មវិធីសិក្សាហើយត្រូវ រំលឹកមេរៀនឡើងវិញដើម្បីត្រៀមប្រឡង មធ្យមសិក្សាទុតិយភូមិ ដោយក្រសួងមិនមានចេតនាដើម្បីទម្លាក់ស្តង់ដារឱ្យទាបនោះទេ ដោយក្រសួងនឹងអនុវត្តទៅតាមស្តង់ដារដែលយើងរៀបចំពីពេលមុន។ ក៏ប៉ុន្តែក្រសួងយល់ពីបញ្ហានេះថា សិស្សរៀនមិនបានជាប់លាប់ ដូច្នេះហើយក្រសួងនឹងផ្តល់នូវពេលវេលាសិក្សាបន្ថែមទៀត ហើយក៏លើកទឹកចិត្តឱ្យមានការជួយបង្រៀនពីគ្រប់ភាគីពាក់ព័ន្ធ ដោយជ្រើសរើសគ្រូស្ម័គ្រចិត្តបំប៉នបន្ថែម ដើម្បីឱ្យសិស្សានុសិស្សបានត្រៀមខ្លួនក្នុងការប្រឡងនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ»។
ឯកឧត្តមរដ្ឋមន្ដ្រីបានអំពាវនាវ ដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តរៀបចំបរិស្ថានសិក្សាឱ្យបានល្អ រក្សានូវអនាម័យអនុវត្តតាមគោលការណ៍ ស្តង់ដារសុវត្ថិភាពសាលា ដែលក្រសួងបានដាក់ចេញកន្លងមក ក្នុងគោលដៅការពារសុវត្ថិភាព សិស្សានុសិស្សទាំងអស់ និងក្នុងគោលដៅបង្កើតឱ្យមានបរិស្ថានប្រកបដោយផាសុខភាពសម្រាប់សិស្សានុសិស្ស។
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)នៅថ្ងៃទី៣០ ខែវិច្ឆិកា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដោយក្រសួងបានកំណត់ឱ្យសិស្សថ្នាក់ទី៩ និងទី១២ត្រូវចាប់ផ្តើមចូលរៀនឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅទូទាំងប្រទេស ហើយសាលារៀននីមួយៗត្រូវបង្រៀនសិស្សឱ្យចប់កម្មវិធីសិក្សា ដោយមិនមានការឈប់សម្រាកវិស្សមកាលធំឡើយ៕
ប្រភព៖ ក្រសួងព៍ត័មាន