កម្ពុជាចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិ ដែលអាចប្រើប្រាស់ក្នុងប្រទេសចំនួន៩៩
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចាប់ពីដំណាច់ខែកញ្ញា ឆ្នាំ២០២០នេះតទៅ ប្រជាពលរដ្ឋកម្ពុជាអាចស្នើសុំប្រើប្រាស់ប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដើម្បីមានសិទ្ធិបើកបរយានយន្តក្នុងប្រទេសចំនួន៩៩ ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះនៅផ្សារទំនើបជីបម៉ុង ព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកមានប័ណ្ណបើកបរក្នុងពេលបច្ចុប្បន្ន អាចទៅស្នើសុំប្តូរយកប័ណ្ណបើកបរអន្តរជាតិ ដែលមានសុពលភាពប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំម្តង ដោយមិនបាច់មានការប្រឡងនោះឡើយ។
ឯកឧត្តម មានប្រសាសន៍ថា ប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិនេះ អាចបើកបរយានយន្ត
បានក្នុងប្រទេសចំនួន៩៩មានដូចជា៖ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ សហភាពរុស្ស៊ី
ប្រទេសក្នុងសហគមន៍អាស៊ាន ប្រទេសក្នុងសហភាពអឺរ៉ុប ជាដើម។ ឯកឧត្តម បានឱ្យដឹងទៀតថា សម្រាប់អ្នកស្នើសុំប្រើប្រាស់ប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិនេះ ត្រូវបង់ថ្លៃសេវាចំនួន២៥ម៉ឺនរៀល។
សូមបញ្ជាក់ថា ប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ជាកូនសៀវភៅមាន
ទំហំ១៤៨x១០៥មីលីម៉ែត្រ មានរូបព្រះសង្ហារជានិមិត្តសញ្ញាជាតិ ក្របពណ៌ប្រផេះ និងសន្លឹកខាងក្នុងពណ៌ស។
កូនសៀវភៅនេះ នៅក្របខាងមុខ ឬទំព័រទី១ បង្ហាញពីព័ត៌មានមូលដ្ឋានរបស់ប័ណ្ណអនុញ្ញាត
បើកបរអន្តរជាតិ សរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស។ ទំព័រទី២ បង្ហាញពីវិសាលភាពប្រើប្រាស់ប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ សរសេរជាភាសាខ្មែរ។ ទំព័រទី៣ បង្ហាញព័ត៌មានអ្នកកាន់ប័ណ្ណបើកបរ និងប្រភេទប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ សរសេរជាភាសាខ្មែរ។ ទំព័រទី៤ បង្ហាញព័ត៌មានអ្នកកាន់ប័ណ្ណបើកបរនិងប្រភេទប័ណ្ណអនុញ្ញាត
បើកបរអន្តរជាតិ សរសេរជាភាសាអង់គ្លេស។ ទំព័រទី៥ បង្ហាញព័ត៌មានអ្នកកាន់ប័ណ្ណបើកបរ និងប្រភេទប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ សរសេរជាភាសាបារាំង។ ទំព័រទី៦ បង្ហាញព័ត៌មានអ្នកកាន់ប័ណ្ណបើកបរ និងប្រភេទប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ សរសេរជាភាសាអេស្ប៉ាញ។ ទំព័រទី៧ បង្ហាញព័ត៌មានអ្នកកាន់ប័ណ្ណបើកបរ និងប្រភេទប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ សរសេរជាភាសារុស្ស៊ី។ ទំព័រទី៨ បង្ហាញព័ត៌មានអ្នកកាន់ប័ណ្ណបើកបរ និងប្រភេទប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ សរសេរជាភាសាចិន។ ទំព័រទី ៩ បង្ហាញព័ត៌មានអ្នកកាន់ប័ណ្ណបើកបរ និងប្រភេទប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិសរសេរជាភាសាអារ៉ាប់។ និងទំព័រទី១០ បង្ហាញព័ត៌មានអ្នកកាន់ប័ណ្ណបើកបរមានបិទរូបថត និងប្រភេទយានយន្តអនុញ្ញាតឱ្យបើកបរសរសេរជាភាសាបារាំង។
ដោយឡែក លេខប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ត្រូវប្រើប្រាស់លេខ១១ខ្ទង់ ដោយលេខ៣ខ្ទង់ដំបូងសម្គាល់លេខកូដប្រទេស(៨៥៥) និងលេខ៨ខ្ទង់ខាងក្រោយជាលេខប័ណ្ណបើកបរជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information