មេបញ្ជាការយោធភូមិភាគទី៥ នាំអំណោយចែកជូនពលរដ្ឋ១៧០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងលើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ច
(បន្ទាយមានជ័យ)៖ គោរព តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ និង ជា មេបញ្ជាការ កង ទ័ព ជើង គោក អោយគ្រប់បណ្ដាកងឯកភាព ចំណុះទ័ពជេីងគោក ចេញជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំកម្លាំងចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងចុះលើកទឹកចិត្តកម្លាំងចម្រុះដែលកំពុងបំពេញប្រតិបត្តិការ ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់។
ឧត្ដមសេនីយ៍ឯក ឯក សំអូន បានថ្លែងថា ឆ្នាំនេះទឹកជំនន់បាន វាយប្រហារមកលើខេត្តជាច្រើន នៃប្រទេសកម្ពុជា ជាពិសេសខេត្តដែលស្ថិតនៅប៉ែកពាយព្យ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវបោះបង់លំនៅដ្ឋានមករស់នៅលើទីទួលសុវត្ថិភាព។ ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលដែលស្ថិតក្នុងចំណោមខេត្តរងគ្រោះទាំងនោះដែរ លំនៅដ្ឋានប្រជាពលរដ្ឋជាង៧ពាន់ខ្នង ត្រូវបានបង្ខំចិត្តបោះបង់ចោលនៅកណ្តាលជលស័យ ហើយចាកចេញមករស់នៅលើទីទួលសុវត្ថិភាពក្រោមការរៀបចំរបស់រដ្ឋបាលខេត្ត។
ឧត្ដមសេនីយ៍ឯក ឯក សំអូន បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកពិតជាខ្វល់ខ្វាយណាស់ចំពោះសុខទុក្ខរបស់បងប្អូន សម្តេចបានចាត់ក្រុមការងារចុះជាប់ប្រចាំ ដើម្បីជួយសង្គ្រោះ និងដោះស្រាយគ្រប់បញ្ហា។ មិនតែប៉ុណ្ណោះសម្តេចបានចាត់បញ្ជូនបន្ទាន់ស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ ការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រាមានអាសន្នជាដើម។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន តាមរយៈយោធភូមិភាគទី៥ ក៏បាននាំយកស្បៀងបន្ទាន់មានអង្ករ ២០គីឡូក្រាម និងថវិកាមួយចំនួន ដើម្បីដោះស្រាយផលលំបាក មួយគ្រារបស់បងប្អូនផងដែរ។ ថ្វីត្បិតការផ្តល់ជូននេះមានលក្ខណៈតិចតួច តែវាបានដោះស្រាយបញ្ហាចំពោះមុខបានមួយគ្រាទំរាំទឹកស្រកទៅវិញ។ មួយវិញទៀតសម្រាប់ស្បៀងអាហារ ដែលបងប្អូនទទួលយកទៅសូមធ្វើការចំអិនប្រកបអនាម័យ ដើម្បីបញ្ជៀសរាល់ជំងឺដង្កាត់ផ្សេងៗ សូមរក្សាអនាម័យ ប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត ផឹកទឹកឆ្អិន។
ក្នុងនោះមេបញ្ជាការយោធភូមិភាគទី៥ ក៏បានថ្លែងនូវកោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនកងកម្លាំងក្នុងយុទ្ធនាការទឹកជំនន់។ ថ្វីត្បិតបងប្អូនមាននឿយហត់ គេងមិនគ្រប់គ្រាន់ តែគ្មានទេពាក្យថារុញរា ដែលបង្ហាញពីការចូលរួមដោយស្មោះស្មគ្រ័ការងារសង្គមក្រៅពីការងារស្នូល។
ដើម្បីជាការលើកទឹកចិត្តចំពោះការលះបង់ និងភាពហត់នឿយ មេបញ្ជាការយោធភូមិភាគទី៥ ក៏បានចូលរួមឧបត្ថម្ភនូវថវិកាចំនួន ៦លានរៀល ដល់កងពលតូចថ្មើរជើងលេខ៥១ ថវិកាចំនួន ៣លានរៀល ដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និង ២លានរៀល ដល់កងកម្លាំងអន្តរាគមន៍ និងផ្តល់ជូនមួយចំនួនដល់ពលទាហានប្រមាណ ១០០នាក់ ផងដែរ។