ពលរដ្ឋ ស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដាក់វិន័យ និង បញ្ឈប់តួនាទី លោក ស្រេង វុទ្ធា ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប

ភ្នំពេញ៖លោក ទូច ហឿង អាយុ៣៨ឆ្នាំ រស់នៅខេត្តមណ្ឌលគិរី បានស្នើសុំលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដាក់វិន័យ និង បញ្ឈប់តួនាទី លោក ស្រេង វុទ្ធា ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ។

Banner Sidebar 1 – ទឹកលាងដៃ

យោងតាមពាក្យបណ្តឹង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ លោក ទូច ហឿង បានប្តឹងពីលោក លោក ស្រេង វុទ្ធា ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ពីបទ «ប្រើអំណាចតួនាទី និង ពេលវេលាមន្ត្រីរាជការរបស់ខ្លួនដោយគ្មានការចាត់តាំង មកគំរាមកំហែង និង ប្រមាថដាក់គុកលោក ទូច ហឿង ប្រព្រឹត្តកាលពីវេលាម៉ោងជាង១២ ថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០២០ នៅចំណុចមុខដីដែលជាកម្មសិទ្ធិរបស់លោក ទូច ហឿង ស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី» ។

លោក ទូច ហឿង រៀបរាបក្នុងពាក្យបណ្តឹងដែលគោរពជូនលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថា ឈ្មោះ ស្រេង វុទ្ធា រួមជាមួយគូកន បានប្រើប្រាស់តួនាទីខ្លួនដឹកនាំគ្នីគ្នាប្រមាណជាង១០នាក់ ប្រើប្រាស់រថយន្តចំនួន៤គ្រឿង ដែលក្នុងនោះមានគ្រឿងមានពាក់លេខនិងសញ្ញាស្គាល់នគរបាល ចុះមកគំរាមកំហែងនិងប្រមាថ លោក ទូច ហឿង រារាំងមិនអោយសាងសង់របង និង បណ្តេញលោក ទូច ហឿង អោយចាកចេញពីដីជាកម្មសិទ្ធិ ។

ដើមបណ្តឹង អះអាងថា ដីដែលលោក ទូច ហឿង កំពុងសាងសង់របងនេះ គឺ ជាកម្មសិទ្ធិស្របច្បាប់ ដែលបានទិញពីឈ្មោះ ព្រេង ចិន្តា និង ប្រពន្ធឈ្មោះ ច្រែ យ្រែ ក្នុងឆ្នាំ២០១៦ និង បានចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធតាមនីតិវិធីសុរិយោដីរួចរាល់ តាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្មានអ្នកជំទាន់តវ៉ា ។

ជាមួយគ្នានេះ លោក ទូច ហឿង ស្នើសុំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដាក់វិន័យ និង បញ្ឈប់តួនាទី លោក ស្រេង វុទ្ធា ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និង មេត្តាជួយអន្តរាគមន៍មកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និង សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការពាក្យបណ្តឹងរបស់លោក ទូច ហឿង អោយមានភាពយុត្តិធម៌ ឆាប់រហ័ស និង ត្រឹមត្រូវតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង